រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជាង៧២ម៉ឺនដុល្លារ សម្រាប់គម្រោងសុខាភិបាល និងអប់រំ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៧២០,៣០៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅកាលពីថ្ងៃ២៦ ខែកុម្ភៈ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)​ “គម្រោងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា” បានទទួលថវិកា ចំនួន ២៤៥,៨៧២ ដុល្លារអាមេរិកនិងអង្គការសន្តិស្ម័គ្រចិត្ត (SVA)។

សម្រាប់គម្រោងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ មានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ដោយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីបម្រើជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការវះកាត់។ លើសពីនេះ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាពក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់រោគសញ្ញាអ្នកជំងឺនិងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាងឲ្យបានត្រឹមត្រូវ។

អង្គការសន្តិស្ម័គ្រចិត្ត(SVA)បានទទួលថវិកាចំនួន ៤៧៤,៤៣២ ដុល្លារអាមេរិកសម្រាប់ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមត្តេយ្យសិក្សារដ្ឋ នៅខេត្តព្រះវិហារ” ។

នៅក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្តនឹងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអប់រំទាំងបុគ្គល និងបរិក្ខារ ដែលគាំទ្រដល់ការដោះស្រាយគម្លាតការអប់រំរវាងកុមារតូចៗ នៅក្នុងតំបន់ទីក្រុង និង តំបន់ជនបទ។ លើសពីនេះ អង្គការសន្តិស្ម័គ្រចិត្តមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និងគុណភាពនៃសកម្មភាពនៅក្នុងសាលាមត្តេយ្យសិក្សារដ្ឋក្នុងខេត្តព្រះវិហារដែលមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។

សូមជម្រាបថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពី ឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាល ជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៦០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕