តំណាងកសិករសមាគមលើកកម្ពស់ម្រេចកំពត បានបង្ហាញការចាប់អារម្មណ៍ និងគាំទ្រការប្រែក្លាយពីសហគមន៍ម្រេចទៅជាសហគមន៍ទំនើប ខណៈសមាគមក៏បានស្នើឱ្យមន្ត្រីជំនាញរបស់ក្រសួងកសិកម្មពន្យល់បន្ថែមអំពីគោលការណ៍ និងនីតិវិធីក្នុងការបង្កើតសហគមន៍ទំនើបនេះផងដែរ។

ការបង្ហាញពីការចាប់អារម្មណ៍របស់សមាគមខាងលើ បន្ទាប់ពីមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម លោក តូច ប៊ុនហួរ រដ្ឋលេខាធិកាក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃពីដំណើរការខ្សែច្រវាក់ផលិតកម្មដំណាំម្រេច តម្លៃ និងទីផ្សារ នៅស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ដំណើរបេសកកម្មនេះ លោករដ្ឋលេខាធិការបានពិនិត្យការដាំដុះម្រេច និងវាយតម្លៃពីដំណើរការខ្សែច្រវាក់ផលិតកម្មដំណាំម្រេច តម្លៃ និងទីផ្សារ និងជួបសំណេះសំណាលជាមួយសមាជិកសមាគមលើកកម្ពស់ម្រេចកំពត។ លោកក៏បានផ្សព្វផ្សាយផលប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្មទំនើបទៅដល់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍សំខាន់ៗ ដែលពួកគាត់នឹងទទួលបាន ដូចជា ការធានាតម្លៃទីផ្សារ ទទួលបានទុនជាប្រាក់កម្ចីពីធនាគារ មានការប្រាក់សមរម្យ ថ្លៃដើមផលិតកម្មតិចជាងមុន មានតម្លៃល្អតាមរយ:កិច្ចសន្យាផលិតកម្ម និងអនុវត្តតាមផែនការផលិតកម្ម។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរងស្រុកកំពង់ត្រាច ក៏បានសំណូមពរឱ្យកសិករពិចារណាពីលទ្ធភាពចូលរួមក្នុងសហគមន៍ទំនើប ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត និងធ្វើឱ្យមានការអភិវឌ្ឍដំណាំម្រេចឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ តំណាងកសិករក៏បានបង្ហាញការចាប់អារម្មណ៍ គាំទ្រការប្រែក្លាយពីសហគមន៍ម្រេចទៅជាសហគមន៍ទំនើប និងបានស្នើឱ្យមន្ត្រីជំនាញរបស់ក្រសួងកសិកម្មពន្យល់បន្ថែមអំពីគោលការណ៍ និងនីតិវិធីក្នុងការបង្កើតសហគមន៍ទំនើបនេះផងដែរ។
សូមបញ្ជាក់ថា សមាគមលើកកម្ពស់ម្រេចកំពត បានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ស្ថិតនៅភូមិអង្គរជ័យទី១ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នសមាគមមានសមាជិកសរុបចំនួន ៣៤៥គ្រួសារ។ សមាគមបានចុះបញ្ជីជាម៉ាកសំគាល់ភូមិសាស្រ្ត (GI) នៅក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងឆ្នាំ២០១០ និងនៅសហភាពអឺរ៉ុប ឆ្នាំ២០១៦ ផ្ទៃដីដាំដុះសរុប ២១២ ហិកតា ផ្ទៃដីប្រមូលផល ១៥៧ ហិកតា ទិន្នផល ២តោន/ហិកតា បរិមាណផល ៣១៤ តោន។ ចម្ការម្រេចក្នុងសមាគមនេះ មានដើមមួយចំនួនមានអាយុកាលរហូតដល់ ៤០ឆ្នាំ នៅតែផ្តល់ទិន្នផលខ្ពស់ រស់ជាតិឆ្ងាញ់៕



