អ្នកនាំពាក្យ៖ គិតត្រឹមពេលនេះ ប្រជាពលរដ្ឋ៧,៥លាននាក់ បានកាន់បណ្ណព្យាបាលជំងឺដោយឥតគិតថ្លៃ

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ធំធេងណាស់ ពីគោលនយោបាយសុខាភិបាលរបស់រាជរដ្ឋាភិបាល ជាក់ស្តែងបើត្រឹមរយៈពេល១៨ខែ មកនេះ ប្រជាពលរដ្ឋ ចំនួន៧,៥លាននាក់ បាននិងកំពុងកាន់បណ្ណព្យាបាលជំងឺដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ពលរដ្ឋ»។

នាឱកាសនោះ លោកថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺសម្តេចចង់ផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថា អ្នកមាន ឬអ្នកក្រ ត្រូវតែទទួលបានសេវាសុខាភិបាល នៅពេលមានជំងឺដោយមិនទុកនណាម្នាកចោលឡើយ ខណៈសេវាសុខាភិបាលដែលផ្តល់ឱ្យប្រជាពលរដ្ឋ គឺចាំបាច់ត្រូវតែជាសេវាលឿន រហ័ស ប្រសិទ្ធភាព និងប្រកបដោយគុណភាព។

ក្នុងនោះន័យលោកថា រដ្ឋាភិបាលបានធ្វើកិច្ចការ២សំខាន់ៗជូនប្រជាពលរដ្ឋ គឺ១៖ ការផ្តល់បណ្ណព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងទី២៖ ការធ្វើកំណែទម្រង់សុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យសេវាសុខាភិបាលដែលទទួលបានជាសេវារហ័ស លឿន ប្រសិទ្ធភាព និងគុណភាព។

ជាលទ្ធផល ឃើញថា គិតត្រឹមពេលនេះ ប្រជាពលរដ្ឋខ្មែរបានទទួលបានផលប្រយោជន៍ធំធេងណាស់ ពីគោលនយោបាយសុខាភិបាលរបស់រាជរដ្ឋាភិបាល ដោយត្រឹមរយៈពេល១៨ខែ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ មានប្រជាពលរដ្ឋ៧,៥លាននាក់ បានកាន់បណ្ណព្យាបាលជំងឺដោយឥតគិតថ្លៃ ក្នុងនោះមានប្រជាពលរដ្ឋជាង ៤,៧ លាននាក់ កាន់បណ្ណមូលនិធិសមធម៌សុខាភិបាល និងជាង២,៨លាននាក់ផ្សេងទៀត កាន់បណ្ណ ប ស ស ផ្នែកថែទាំសុខភាព។

អ្នកនាំពាក្យអង្គភាពរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានអះអាងបន្ថែមថា ចំនួនពលរដ្ឋកាន់បណ្ណព្យាបាលជំងឺដោយឥតគិតថ្លៃនេះ នឹងមានកើនឡើងជាបន្តបន្ទាប់ទៀត តាមរយៈការជំរុញមូលនិធិសមធម៌សុខាភិបាល ការជំរុញការធ្វើ បណ្ណ ប ស ស ព្រមទាំងតាមរយៈអ្នកនៅក្នុងបន្ទុក ប ស ស និងតាមអ្នកបុគ្គលស្វ័យនិយោជន៍ជាដើម៕ អត្ថបទ៖ ហ្សាលីន