នៅក្នុងសារលិខិតគាំទ្រការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ (ឆ្នាំ២០២៤ – ២០២៨) ដែលផ្សាយចេញនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នា លើកកម្ពស់ជំរុញចលនាភូមិ១ផលិតផល១ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។

សម្តេចធិបតី បានលើកឡើងបន្តថា ចលនាភូមិមួយផលិតផលមួយ គឺជាការជួយលើកកម្ពស់ លក្ខខណ្ឌរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំង ពិសេសបាន រួមចំណែកយ៉ាងសកម្មក្នុងការជួយបង្កើនប្រាក់ចំណូល តាមរយៈការធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច តាមជនបទមានភាពរស់រវើក ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាកស្រុក និងការពង្រឹងភាពជាម្ចាស់ នៃសហគមន៍។
ហេតុនេះ ក្នុងដំណើរឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ចលនាភូមិមួយផលិតផលមួយ ត្រូវតែដើរតួនាទីឱ្យកាន់តែសកម្មថែមទៀត តាមរយៈការកៀរគរប្រជាជនឱ្យខិតខំផលិត កែច្នៃ ប្រើប្រាស់ឱ្យអស់លទ្ធភាព និងប្រកបដោយនិរន្តរភាពនូវធនធានសក្តានុពលទាំងឡាយរបស់មូលដ្ឋាន ដើម្បីបង្កើតឡើងនូវផលិតផល សម្បូរបែប និងមានប្រៀបឈ្នះក្នុងការប្រកួតប្រជែងជាមួយផលិតផលបរទេស។

ហេតុនេះ សម្តេចធិបតី ក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ធ្វើការសហការគ្នាជំរុញចលនាភូមិមួយផលិតផលមួយ សំដៅឆ្ពោះទៅពង្រឹងសមត្ថភាពផលិត ប្រមូលផ្តុំចងក្រងអ្នកផលិតតូចៗតាមគ្រួសារ សំដៅធ្វើឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន លើកកម្ពស់គុណភាព តម្លៃសមស្រប ព្រមទាំងជំរុញឱ្យមានការជួយគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន។
សូមជម្រាបដែរថា ចលនាភូមិមួយផលិតផលមួយ ត្រូវបានរាជរដ្ឋាភិបាលអះអាងថា គឺកំពុងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។ ជាក់ស្តែងឃើញថា គិតត្រឹមឆ្នាំ២០២៤ មានមូលដ្ឋានផលិតចំនួន ៨៤៤ មកពី៦៤២ភូមិ នៃរាជធានី ខេត្តទាំង២៥ បានចូលរួមក្នុងចលនានេះ ហើយគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិតផលមួយក៏បានទទួលស្គាល់ផលិតផលចំនួន ៩៦១ មកពីភូមិទាំងនោះ ជាផលិតផល ភូមិមួយផលិតផលមួយ រួចរាល់ផងដែរ៕ អត្ថបទ៖ ហ្សាលីន
