លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ នយោបាយការបរទេសរបស់រដ្ឋាភិបាល មានទិសដៅតែមួយគត់ គឺនាំផលប្រយោជន៍ជូនប្រជាជនកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ទទួលបានកំណើនសេដ្ឋកិច្ច និងទុនវិនិយោគ​កើនឡើងជាបន្តបន្ទាប់។ទន្ទឹមគ្នានេះ លោកថា ការធ្វើនយោបាយការបរទេសរបស់រដ្ឋាភិបាល មិនមានបំណងអ្វីទេ មានទិសដៅតែមួយគត់ គឺនាំផលប្រជោជន៍មកកាន់ប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងបែបនេះ របស់លោករដ្ឋមន្រ្តីប្រតិភូ បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានលើកទី៦ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» នៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នាឱកាសនោះ លោកបញ្ជាក់ដូច្នេះថា កាទូតនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការស្វែងរកប្រយោជន៍សេដ្ឋកិច្ច ដោយប្រើប្រាស់មធ្យោបាយទូត ដែលនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តប្រឹងប្រែងអនុវត្តយ៉ាងសកម្មជាទីបំផុត ដើម្បីធ្វើឱ្យសម្រេចមហិច្ចតាមួយធំរបស់រាជរដ្ឋាភិបាល នោះគឺធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ​​

ជាមួយគ្នានេះលោកអះអាងថា នយោបាយការបរទេសរបស់រាជរដ្ឋាភិបាល គឺគ្មានគោលបំណងអ្វី ក្រៅតែពីរទាញផលប្រយោជន៍សេដ្ឋកិច្ច និងទំនាក់ទំនងជាមួយបណ្តាប្រទេសនៅលើពិភពលោក មកបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា និងចិញ្ចឹមកំណើនសេដ្ឋកិច្ចរបស់ជាតិរបស់យើង និងចិញ្ចឹមភាពធន់នៃសេដ្ឋកិច្ចរបស់យើង។

ហេតុនេះ ការធ្វើនយោបាយការបរទេស ឬការធ្វើការទូតសេដ្ឋកិច្ច មានគោលដៅសំខាន់ៗ គឺជំរុញពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគពីបរទេស លើកកម្ពស់វិស័យទេសចរណ៍ ជំរុញការផ្តោះប្តូរវប្បធម៌កីឡា បូករួមទាំងការផ្សព្វផ្សាយនៅលើឆាកតំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ដែរថា តាមរយៈវេទិកាសារព័ត៌មាននេះដែរ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ ក៏បានកត់សម្គាល់ពី កំណើនសេដ្ឋកិច្ចកម្ពុជា ហាក់ចាប់ផ្តើមវិលមករកសភាពមុនការរីករាលដាលជំងឺកូវីដ១៩ ជាបណ្តើៗហើយ។ជាក់ស្តែង បើគិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជា កើនបាន ៦ %។ ជារួមស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បើធៀបនឹងម៉ាក្រូសេដ្ឋកិច្ចសកល គឺមិនអាក្រក់ទេ ពោលគឺមានសន្ទុះខ្លាំង និងមានកម្ពស់ខ្ពស់៕អត្ថបទ៖ ហ្សាលីន