ក្រសួងបរិស្ថាន និងអង្គការ UNDP រួមគ្នាពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីឱ្យកម្ពុជាស្អាត និងឈានទៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព ក្រសួងបរិស្ថាននិងអង្គការ UNDPថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចុះហត្ថលេខារួមគ្នាលើឯកសារគម្រោង ស្តីពី “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា បរិមាណសំណល់ប្លាស្ទិក ដែលកំពុងកើនឡើងច្រើន និងកំពុងបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបរិស្ថានរបស់យើង។ ដូច្នេះ ចាំបាច់ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវនេះ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា និងជំរុញឱ្យកម្ពុជាមានភាពស្អាត។

លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្តថា ការចុះហត្ថលេខារួមគ្នានាពេលនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ភាពស្អាត នៅក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងបោះចោល។

ពាក់ព័ន្ធនិងបរិស្ថាន, លោកបណ្ឌិតអ៊ាង សុផល្លែតបានណែនាំឱ្យពង្រឹងការអប់រំបរិស្ថាន តាមរយៈយុទ្ធនាការរបស់ក្រសួងបន្តទៀត នៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងសហគមន៍មូលដ្ឋាន និងការផ្តល់ធុងសំរាមដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងបែងចែកសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះត្រូវពិនិត្យរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដើម្បីគ្រប់គ្រងប្លាស្ទិក ពិសេសប្លាស្ទិកដែលប្រើតែម្តង ព្រមទាំងជំរុញវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែមរបស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា។

លោកជំទាវ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជាមានប្រសាសន៍ថាគម្រោងស្តីពី “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” នឹងចូលរួមជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថបន្ថែមទៀត ឆ្ពោះទៅរកផលិតកម្មស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងបង្កើនសេដ្ឋកិច្ចចក្រានៅកម្ពុជា។ គម្រោងលើកទឹកចិត្តផ្តល់ការគាំទ្រទុន លើការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងការអនុវត្តគម្រោងផងដែរ”។

ក្នុងឱកាសនោះផងដែរ, លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងគុណភាពបរិស្ថាន និងបានប្រកាសគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសជាមួយក្រសួងបរិស្ថាន និងដៃគូសហការផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកនៅទីប្រជុំជននៅកម្ពុជា។

គម្រោងស្តីពី “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុននិងការគាំទ្របច្ចេកទេសពីអង្គការ UNDP ។ គម្រោងស្តីពី ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន នឹងកំណត់គោលដៅតំបន់ទីក្រុង នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រ មានខេត្តកែប កំពត និងកោះកុង ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព៕ SL