ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងចាកចេញទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសយាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងសម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខ អ្នកការជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា  និងមន្ត្រីស្ថានទូត ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

នាអំឡុងពេលព្រះមហាក្សត្រ ស្ដេចយាងចេញក្រៅប្រទេសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្ដីទី៕ អត្ថបទ៖ ហ្សាលីន