ប្រមុខរាជរដ្ឋាភិបាលមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ខណៈសម្តេចក៏បានជំរុញឱ្យបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ជាតិផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា ទិវាវប្បធម៌ជាតិ គឺជាទិវាមួយមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបំផុសឱ្យប្រជាពលរដ្ឋ រួមគ្នាបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។
សូមជម្រាបថា រាជរដ្ឋាភិបាល បានចាត់ទុកថា ការបង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប គឺជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗ ប្រកបដោយភាពច្នៃប្រតិដ្ឋ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍ ដែលរួមចំណែកដល់ការបង្កើតការងារ ឱ្យកាន់តែច្រើន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕ អត្ថបទ៖ ហ្សាលីន
