គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ សម្រេចបាន៥០%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដើមខែមីនា ឆ្នាំ២០២៥នេះ គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ស្ថិតក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ សម្រេចវឌ្ឍនភាពការងារបានប្រមាណ ៥០%ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងពីលោក ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងក្រសួងធនធានទឹក និងឧតុនិយម ក្នុងដំណើរដឹកនាំក្រុមបេសកកម្មភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន(CIDCA) ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៥។

លោកក៏បានដឹកនាំក្រុមបេសកកម្មរបស់ភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន(CIDCA) និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលគិតត្រឹមដើមខែមីនានេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥០%។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិត ស្ថិតក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ គម្រោងនេះនឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យជាពិសសការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងផ្នែកឧស្សាហកម្មកសិកម្មទេសចរណ៍ ដែលជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ ក្រោយការសាងសង់រួច គម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោម បានប្រមាណ  ១៣១ ៣២៣ហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោនទៅ៥,៤តោនក្នុងមួយហិកតា ដល់ប្រជាកសិករ ចំនួន ២៥ ០០០គ្រួសារ ក្នុងស្រុក បារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕