ដើម្បីសំដែងនូវការរំលឹកដឹងគុណចំពោះបុព្វបុរស ដែលបានពលីកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតីក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីយ៉ាងសម្បូរបែប បន្សល់ជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកនៃធនាគារ ជីប ម៉ុង នាថ្ងៃទី៣ មីនា ឆ្នាំ២០២៥ ចំថ្ងៃទិវាវប្បធម៌ជាតិ លើកទី២៧ នេះបានដឹកនាំបុគ្គលិកនៃធនាគារ ជីប ម៉ុង ទាំងអស់ ចូលរួមស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងសមសួន ដើម្បីអបអរសាទរ និងបង្ហាញពីកតព្វកិច្ចជាកូនខ្មែរ ត្រូវថែរក្សាការពារសម្បត្តិវប្បធម៌ដ៏ល្អឯកតរហូតរៀងទៅ ដូចពាក្យចាស់លោកពោលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។

ធនាគារ ជីប ម៉ុង មានគ្រឹះរឹងមាំដើរតាមគន្លងភាពជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ និងមានអ្នកឧកញ៉ា លាង ម៉េង ជាថ្នាក់ដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ បានចាត់ទុកការថែរក្សា អភិរក្សនូវមរតកវប្បធម៌ជាតិ គឺជារឿងដ៏ចាំបាច់បំផុត ក្នុងនាមយើងមានឈាមជ័រជាខ្មែរ ដូច្នេះហើយជានិច្ចកាល ធនាគារ ជីប ម៉ុង តែងតែគោរព ផ្តល់តម្លៃ ព្រមទាំងចូលរួមផ្សព្វផ្សាយ លើកស្ទួយសម្បត្តិវប្បធម៌ខ្មែរ ឲ្យកាន់តែខ្ទរខ្ទារបន្តជានិរន្តភាពតទៅ។
តាមរយៈការយកចិត្តទុកដាក់ មានដួងចិត្តចង់ឲ្យវប្បធម៌កាន់តែថ្កុំថ្កើងនេះហើយ ទើបធ្វើឲ្យ ជីប ម៉ុង រក្សាបាននូវគុណតម្លៃ ឬ DNA របស់ខ្លួនជាប់មករាប់សិបឆ្នាំ ក្នុងការបន្តបណ្តុះបណ្តាល ក៏ដូចជាផ្តល់ឱកាសមាស ឱកាសពេជ្រ ដល់យុវជនជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ឲ្យបានអភិវឌ្ឍខ្លួនក្លាយជាសសរទ្រូងដ៏រឹងមាំនៃគ្រួសារ និងសង្គមជាតិ ដូចជាក់ស្តែងស្រាប់ ថ្មីៗនេះ ធនាគារ ជីប ម៉ុង ក៏បានបើកឱកាសធំមួយឲ្យប្អូនៗនិស្សិតនៅគ្រប់ទីកន្លែងទាំង២៥ខេត្តក្រុង អាចដាក់ពាក្យចូលរួមវគ្គបណ្តុះបណ្តាល បានទាំងប្រាក់ បានទាំងចំណេះជំនាញ និងបានទាំងបទពិសោធន៍ផ្នែកធនាគារដ៏មានស្តង់ដារត្រឡប់ទៅវិញ៕


