ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីច្រើន សូមកុំលក់ដីរបស់ខ្លួនក្នុងតម្លៃខ្ពស់ជាតម្លៃនៅលើទីផ្សារ ខណៈដែលរោងចក្រ សហគ្រាស កំពុងសម្រុកចូលមកវិនិយោគមកខេត្តតាកែវ កាន់តែច្រើន។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងពិធីកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រៃលក្ខណញ្ញាណតាកែវ ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ នាថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា អាជ្ញាធខេត្តបានខិតខំប្រឹងប្រែងទាក់ទងអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុនវិនិយោគនៅខេត្តតាកែវរបស់យើង ហើយរោងចក្រ សហគ្រាស កំពុងតែសម្រុកមកកាន់តែច្រើនឡើងថែមទៀត ដូច្នោះសូមលោកយាយលោកតា ពុកម៉ែមាមីងបងប្អូនទាំងអស់គ្នាដែលមានដីច្រើន សូមកុំលក់ដីថ្លៃខ្ពស់ហួសតម្លៃទីផ្សារ ព្រោះប្រសិនបើបងប្អូនលក់ថ្លៃពេក វានឹងអាចធ្វើឱ្យអ្នកវិនិយោគទាំងអស់នោះ ងាកចេញពីខេត្តតាកែវ ហើយងាកទៅវិនិយោគកាន់ខេត្តផ្សេងៗទៀត ដែលវាធ្វើអាចខាតបង់យើងទាំងអស់គ្នា។
«អ្នកវិនិយោគិន ពួកគាត់មកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាសនៅក្នុងទឹកដីខេត្តតាកែវរបស់យើង វានឹងនាំអោយសេដ្ឋកិច្ចរបស់ខេត្តតាកែវយើងមានភាពល្អប្រសើរ បង្កើនការងារជួនបងប្អូនប្រជាពលរដ្ឋ នឹងជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានដីធ្លីច្រើនអាចលក់អោយអ្នកវិនិយោគក្នុងតម្លៃទីផ្សារថែមទៀតផង»។ ឯកឧត្តមបានបន្ថែម។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងក្ដីរំពឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ខេត្តតាកែវ នឹងមានការរីកចម្រើនឥតឈប់ឈរ ជាពិសេសជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ នឹងមានជីវភាពធូធារតាមរយៈការចូលមកវិនិយោគទុន ក្រោមដំបូលនៃសុខសន្តិភាព៕


