ប្រមុខរាជរដ្ឋាភិបាល រំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងដល់ ៦.៥% ជាប្រចាំឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

​ប្រមុខរាជរដ្ឋាភិបាលម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»កាលព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនៅតែមានក្តីរំពឹងខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ។យ៉ាងណាមិញ សម្តេចថា កំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការកែទម្រង់គន្លឹះនានាឱ្យកាន់តែប្រសើរឡើងថែមទៀត។

តាមរយៈសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ នេះ រដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវ អាទិភាពគន្លឹះចំនួន៥៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដែលមានការគិតគូរជាលក្ខណៈ យុទ្ធសាស្ត្រដោយឈរលើគោលការណ៍២ សំខាន់ៗ គឺ៖ ទី១៖ បន្តថែរក្សាឱ្យបាន នូវសន្តិភាព ដែលជាកត្តាសត្យានុម័ត ក្នុងការកសាងខឿនអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងទី២៖ បន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០៕  អត្ថបទ៖ ហ្សាលីន