សម្តេចធិបតី៖ កម្ពុជា ត្រៀមនឹងដាក់ឱ្យអនុវត្តកម្មវិធីជំរុញពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងភាពធន់ខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា  រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាព ប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅ ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ឆ្នាំ ២០២៥ – ២០២៨»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ»កាលព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលជាង១៩ខែកន្លងទៅនេះ, រាជរដ្ឋាភិបាល បានបន្តដាក់ចេញ និងអនុវត្តកម្មវិធី, យន្តការកែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់។ ជាក់ស្ដែង, ពាក់ព័ន្ធនឹង «កម្មវិធីគោលនយោបាយអាទិភាព ៦» និង «វិធានការគន្លឹះទាំង ៥», រាជរដ្ឋាភិបាលបានដាក់ចេញយន្តការអនុវត្ត និងបន្តតាមដាន និង វាយតម្លៃ ដែលកន្លងទៅនេះ យើងអាចនិយាយបានថា ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានេះ ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច, បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាព ប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅ ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ឆ្នាំ ២០២៥ – ២០២៨»។

សម្តេចអះអាងថា កម្មវិធីនេះ គឺបានផ្តោតលើសសរស្តម្ភ ៣ សំខាន់ៗ៖ ទី១៖ កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុង រយៈពេលខ្លីទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ, ទី២៖ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ, ស្មុគស្មាញ និងអន្តរវិស័យ និងទី៣៖ កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីធានានូវការចាកចេញដោយរលូន។

ជាថ្មីម្តងទៀត រាជរដ្ឋាភិបាល បានបង្ហាញក្តីរំពឹងទុកថា តាមរយៈការដាក់ឱ្យអនុវត្តន៍កម្មវិធីនេះ នឹងរួមចមណែកជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃស្ថានភាពដែលមានភាពមិនច្បាស់លាស់ដែលអាចប៉ះពាល់ដល់គន្លងនៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា៕អត្ថបទ៖ ហ្សាលីន