រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅ MC Vutha មកណែនាំ និងឱ្យសុំទោសចំពោះការប្រើពាក្យសម្ដីលេបខាយ បៀតបៀនលើស្ត្រីភេទ ដាក់នារីលើកស្លាកទឹកប្រដាល់ម្នាក់

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ បានសម្របសម្រួលនិងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កញ្ញា ឆឹង ច័ន្ទមុនីរស្មី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាលទ្ធផល ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះកញ្ញា ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។

សូមជម្រាបជូនថា កាលពីថ្ងៃទី១ ខែមីនា ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បានប្រើប្រាស់ពាក្យសម្ដីលេបខាយ បៀតបៀនលើកញ្ញា ឆឹង ច័ន្ទមុនីរស្មី ដែលជានារីលើកស្លាកទឹកប្រដាល់ នៅស្ថានីយទូរទស្សន៍ Town៕