ក្រុមហ៊ុនជប៉ុនចំនួន ៤០ មកសិក្សាពីបរិយាកាសវិនិយោគលើវិស័យជាច្រើននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូធុរជនជប៉ុនប្រមាណ ៤០ក្រុមហ៊ុន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សា រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ជាមួយគណៈប្រតិភូធុរជនជប៉ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ កាលទី៥ ខែមីនា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា គោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៥០។លោកបន្តថា ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈជាដើម។

បន្ថែមពីនេះ លោកក៏បាន ជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូធុរជនគួរតែសិក្សាស្វែងយល់ ពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគ រួមមាន៖ រោងចក្រឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលបៃតង, វិស័យអប់រំបណ្តុះបណ្តាល, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។

តាមរយៈជំនួបពិភាក្សានេះ គណៈប្រតិភូធុរជនជប៉ុន ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល ថែទាំគាំទ្រដល់វិនិយោគិនដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន។ ប្រតិភូក្រុមហ៊ុនជប៉ុន យល់ថា កត្តាអំណោយផលទាំងអស់នេះ គឺជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ៕ អត្ថបទ៖ហ្សាលីន