សម្តេចធិបតី៖ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ កើនដល់ជិត ៥៥ ប៊ីលានដុល្លារ ត្រឹមឆ្នាំ ២០២៤

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះទំហំពាណិជ្ជកម្មកម្ពុជា ជាមួយទីផ្សារអន្តរជាតិ បានកើនឡើងដល់ជិត ៥៥ ប៊ីលានដុល្លារអាមេរិក ខណៈកម្ពុជា ក៏ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូលសម្រាប់ការវិនិយោគផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី​ បើក “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ( Cambodia-ASEAN Business Summit 2025 )”  នាព្រឹកថ្ងៃទី៦ មីនា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ បានឱ្យដឹងថា សមិទ្ធផលពាណិជ្ជកម្មអន្តរជាតិ គឺជាការគូសបញ្ជាក់បន្ថែម ពីកម្លាំងនៃទីផ្សារ និងប្រសិទ្ធភាពនៃគោលនយោបាយរបស់កម្ពុជា ។

ជាក់ស្តែង សម្តេចថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយអន្តរជាតិ បានកើនឡើងជាង ១៦% ពី ៤៦,៨២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ មកដល់ ៥៤,៧៤ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ។

បន្ថែមពីនេះ សម្តេចថា កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូលសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារ ទៅកាន់តំបន់អាស៊ាន ហើយ, ថ្មីៗនេះ កម្ពុជាក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ ឆ្នាំ២០២៤ របស់ Financial Times ផងដែរ។

សូមជម្រាបដែរថា ក្រៅពីកំណើនទំហំពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ កម្ពុជា ក៏ទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំវិនិយោគប្រហែល ៦,៩ ពាន់លានដុល្លារអាម៉េរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ។ នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី ហ៊ុន ម៉ាណែត៕ អត្ថបទ៖ ​ហ្សាលីន