មន្រ្តីជាន់ខ្ពស់៖ រដ្ឋាភិបាល ប្តេជ្ញាខិតខំប្រឹងប្រែងគាំទ្រដល់វិនិយោគិន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

សង្គម​ និង​សេដ្ឋកិច្ច

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាកិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រធុរកិច្ច វិនិយោគ ក្នុងគោលដៅលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះ ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ចគណៈប្រតិភូវិនិយោគជប៉ុននៅកម្ពុជា កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក វង្សី វិស្សុត បានលើកឡើងថា ប្រទេសជប៉ុនក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា និងមានការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនវិនិយោគិនជប៉ុននៅកម្ពុជា។

ជាមួយគ្នា លោកបានបញ្ជាក់ថា ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី មានការប្តេជ្ញាខ្ពស់ក្នុងការខិតខំប្រឹងប្រែងគាំទ្រដល់ការវិនិយោគ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមយ៉ាងតិច ៦% ក្នុងមួយឆ្នាំ ក្នុងរយៈពេលវែងទៅមុខ ដោយបានដាក់ចេញនូវវិធានការកែទម្រង់បញ្ហារចនាសម្ព័ន្ធ ក្នុងវិស័យភស្តុភារកម្ម អគ្គិសនី ជំនាញវិជ្ជាជីវៈជាដើម ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន លើកកម្ពស់ប្រសិទ្ធភាពការងារ ភាពប្រកួតប្រជែង និងបង្កើតបរិយាសកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ។


សូមជម្រាបដែរថា បើតាមមន្រ្តីជាន់ខ្ពស់ខាងលើ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥ កម្ពុជា រំពឹងថា នឹងបន្ដរក្សាកំណើនសេដ្ឋកិច្ចប្រមាណ៦,៣% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ទទួលរងនូវភាពមិនប្រាកដប្រជាខ្ពស់ និងភាពស្មុគស្មាញកាន់តែច្រើនឡើងៗ ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម និងស្ថានភាពហិរញ្ញវត្ថុ។ យ៉ាងណាមិញ លោក វង្សី វិស្សុត ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនអន្តរជាតិ ជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគរបស់ខ្លួនផងដែរ៕ អត្ថបទ៖ ហ្សាលីន