កសិករជាង២០០គ្រួសារ នៅខេត្តពោធិ៍សាត់ ចង់ចងក្រងជាសហគមន៍កសិកម្មទំនើបដំណាំស្រូវ

សង្គម​ និង​សេដ្ឋកិច្ច

ប្រជាកសិករជាង២០០គ្រួសារ មកពី៥ភូមិ នៅក្នុងឃុំកញ្ចរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានបំណងចង់ចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការជួបសំណេះសំណាលរបស់លោក ​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយប្រជាពលរដ្ឋ ​ផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើប​ នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្រ្តីកសិកម្ម បានលើកឡើងពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដូចជាការកាត់បន្ថយថ្លៃដើមផលិត ការទទួលបានការគាំទ្រផ្នែកដើមទុននិងបច្ចេកទេស និងជាពិសេស ការតភ្ជាប់ទៅកាន់ទីផ្សារដែលមានការធានាថ្លៃទុកជាមុនច្បាស់លាស់។

នាឱកាសនោះ លោកស្រី សុខ ជា តំណាងប្រជាកសិករដាំស្រូវនៅឃុំកញ្ចរ បានលើកឡើងថា ការដាំស្រូវពូជអូអឹម៥៤៥១ ក្នុងឆ្នាំនេះមិនដល់ថ្នាក់ខាតដើមទេ ប៉ុន្តែទទួលបានប្រាក់ចំណេញតិចជាងឆ្នាំមុន ហេតុនេះហើយទើបកសិករនៅទីនេះមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើបវិញម្តង។

ជុំវិញរឿងនេះ លោករដ្ឋមន្រ្តីកសិកម្ម ក៏បានណែនាំឱ្យមន្ត្រីជំនាញចុះសិក្សាវាយតម្លៃពីគុណភាពដីឱ្យបានត្រឹមត្រូវ ដើម្បីកំណត់ពីប្រភេទពូជស្រូវដែលសមស្របនឹងលក្ខខណ្ឌក្សេត្របរិស្ថានក្នុងតំបន់នេះ ព្រមទាំងប្រមូលផ្តុំផ្ទៃដីស្រែប្រាំងឱ្យបានប្រមាណ១០០០ហិកតា មុននឹងឈានទៅរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីធានាឱ្យបាននូវអត្ថប្រយោជន៍ពីសេដ្ឋកិច្ចមាត្រដ្ឋាន។

សូមជម្រាបថា ក្រសួងកសិកម្មបាននឹងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានានូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត ផលិតទៅតាមតម្រូវការទីផ្សារ ការដឹកនាំបែបទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដែលជាជំនួយការជិតស្និទ្ធរបស់កសិករ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ៕