ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខណៈសម្តេចអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែររបស់កម្ពុជាឱ្យកាន់តែល្បីបន្ថែមទៀត។

ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ជាមួយលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លើកឡើងពីវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបច្ចុប្បន្ននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានសមាគមកីឡាប្រដាល់គុនខ្មែរក្រសួង រាជធានី-ខេត្ត ចំនួន២៣ជាសមាជិក និងមានក្លឹបចំណុះសមាគមចំនួន១៤៤ក្លឹប។
លោកបន្តថា សហព័ន្ធបានយកចិត្តទុកដាក់រៀបចំការប្រកួតកីឡា ក្នុងចន្លោះពី ១៨ ទៅ ២២ កម្មវិធី ក្នុងមួយសប្តាហ៍, បានបង្កើតសង្វៀនថ្នាលប្រកួតជាអចិន្រ្តៃយ៍នៅភូមិភាគបាត់ដំបង និង ភូមិភាគសៀមរាប ព្រមទាំងបានរៀបចំកម្មវិធីប្រកួតថ្នាលចល័តទៅតាមរាជធានី ខេត្ត ក្រុង ស្រុក ប្រចាំសប្តាហ៍ផងដែរ។ ក្រៅពីនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅតែផ្ដោតការយកចិត្តទុកដាក់លើការផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរនៅបរទេសជាដើម។

ជុំវិញរឿងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយអំពីកីឡាប្រដាល់គុនខ្មែរ និងសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ សម្ដេច ក៏បានជំរុញដល់សហព័ន្ធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តខិតខំអភិវឌ្ឍវិស័យគុនខ្មែរនេះឱ្យកាន់តែរីកចម្រើន និងខិតខំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងផុសផុលថែមទៀត។
ទន្ទឹមគ្នានេះ សម្តេចក៏បានប្តេជ្ញាបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក សំដៅពង្រីកការបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយរូបភាពគុនខ្មែរឱ្យកាន់តែល្បីរន្ទឺទៅលើឆាកអន្តរជាតិ។
បើតាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បច្ចុប្បន្ននេះ កីឡាប្រដាល់គុនខ្មែរកំពុងទទួលបានការគាំទ្រជាខ្លាំងពីមហាជន ដែលធ្វើឱ្យវិស័យគុនខ្មែរកាន់តែមានភាពលេចធ្លោ និងកាន់តែមានឈ្មោះនៅលើឆាកអន្តរជាតិ។ជាក់ស្តែង គិតត្រឹមឆ្នាំ២០២៤, កីឡាប្រដាល់គុនខ្មែរមានអត្តពលិកសរុប ១២៣៦ នាក់ (កីឡាករ ១១៩១នាក់ និង កីឡាការិនី ៤៥នាក់), គ្រូបង្វឹក ១៤៤នាក់, គ្រូជំនួយ ១៤៨នាក់, មន្រ្តីបច្ចេកទេសអាជ្ញាកណ្តាល និងចៅក្រម ១៨០នាក់ (ស្រី ១២នាក់) និងមន្រ្តីលេខាធិការដ្ឋាន ៧នាក់៕
