លោក ស៊ុន ចាន់ថុល៖ បច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា ជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

លោក​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា បច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា ជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ។នេះបើយោងតាមសុន្ទរកថាគន្លឹះរបស់លោក ស៊ុន ចាន់ថុល ពេលបើកវេទិកាពិភាក្សាប្រធានបទ «ការលើកកម្ពស់វិបុលភាព តាមរយៈពាណិជ្ជកម្ម និងការវិនិយោគ» កាលទី៦ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ស៊ុន ចាន់ថុល បានលើកឡើងអំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ និងមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលមានរបត់ផ្លាស់ប្តូរស្របតាមនិន្នាការជាសកល។ ដោយលោក បានរំលេចអំពីកំណើននៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាគម្រោងវិនិយោគដែលបានអនុម័ត គឹជាសក្ខីភាពជាក់ស្តែង បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមរយៈវេទិកានៃការពិភាក្សានេះ លោក ក៏រំពឹងថាធុរជន វិនិយោគិន និងអ្នកចូលរួមចម្រុះជាតិសាសន៍ ពិសេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នឹងបានឈ្វេងយល់បន្ថែមមួយកម្រិតទៀតអំពីបច្ចុប្បនភាពនៃបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាផ្ទាល់ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ដូចដែលបានបង្ហាញនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងស្របទៅនឹងគោលបំណងសេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ។

សូមជម្រាបដែរថា កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។​ ជាក់ស្តែង​, ក្នុងឆ្នាំ ២០២៤, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត​​ ៧ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣។នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» កាលថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៥៕ អត្ថបទ៖ហ្សាលីន