លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើទៅកាន់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឱ្យជួយគៀងគរអ្នកវិនិយោគិនមកវិនិយោគនៅខេត្តកណ្ដាលឱ្យបានច្រើន ដើម្បីជំរុញសេដ្ឋកិច្ចខេត្ត។

ការស្នើនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក គួច ចំរើន អភិបាល ជាមួយប្រតិភូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ លោក គួច ចំរើន បានលើកឡើងថា ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥ ខេត្តកណ្តាលប្រែក្លាយជា “ខ្សែក្រវាត់គាំទ្រវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្ម ឡូជីស្លីក(ភស្តុភារ) ស្បៀង និងលំនៅឋាន”។

ឆ្លៀតឱកាសនោះ លោកអភិបាលខេត្តកណ្ដាល ក៏បានស្នើសុំដល់ទូតឥណ្ឌូនេស៊ី ឱ្យជួយគៀងគរអ្នកវិនិយោគិនមកវិនិយោគនៅខេត្តកណ្ដាលឱ្យបានច្រើន ព្រោះថាខេត្តកណ្ដាល ជាខេត្តមួយដែលមានភូមិសាស្ត្រហំព័ទ្ធរាជធានីភ្នំពេញ ជាបណ្ដុំនៃសេដ្ឋកិច្ច មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមរបស់ខេត្ត ក្នុងការផ្ដល់អាកាសឱ្យអ្នកវិនិយោគទាំងអស់ មកវិនិយោគនៅខេត្តកណ្ដាលទទួលបាននូវប្រាក់ចំណេញផងដែរ។
ជាការឆ្លើយតប លោក សាន់តូ សារម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានសន្យាថា នឹងគៀងគរអ្នកវិនិយោគ មកវិនិយោគនៅខេត្តកណ្ដាល ខណៈលោកក៏បានស្នើដល់រដ្ឋបាលខេត្ត ជួយជ្រោមជ្រែងក្នុងការផ្ដល់សេវាកម្មដល់ប្រជាជនឥណ្ឌូនេស៊ី ដែលកំពុងស្នាក់នៅក្នុងខេត្តកណ្ដាលផងដែរ។
តាមរយៈជំនួបនេះ ក៏បានឱ្យដឹថា គិតមកដល់បច្ចុប្បន្ននេះ ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាជាង១ពាន់លានដុល្លារ ហើយធ្វើឱ្យប្រទេសឥណ្ឌូនេស៊ីមានដៃគូពាណិជ្ជកម្ម លំដាប់ទី ៧សម្រាប់ប្រទេសកម្ពុជា៕ អត្ថបទ៖ ហ្សាលីន