គិតត្រឹមចុងឆ្នាំ២០២៤ ការនាំចេញ-នាំចូលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រមាណ៣ ៦៧២ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមចុងឆ្នាំ ២០២៤ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ ៣ ៦៧២ លានដុល្លារអាមេរិក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម ជាតំបន់ឧស្សាហកម្មចម្រុះ ដែលមានសហគ្រាសផលិតផលិតផល ដូចជា សម្ភារៈសំណង់, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គ្រឿងបន្លាស់, សំបកកង់រថយន្ត, បន្ទះសូឡា, សម្ភារៈពេទ្យ, កាបូប, វ៉ាលីស, សម្លៀកបំពាក់, និង ស្បែកជើង ជាដើម ។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា៖ ក្នុងឆ្នាំ ២០២៤,សហគ្រាសដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៩០ សហគ្រាស មកពីប្រទេសចិន អឺរ៉ុប អាមេរិក និង តំបន់អាស៊ីអាគ្នេយ៍, ប្រើប្រាស់កម្លាំងកម្មករ-និយោជិតជិត ៣០ ០០០ នាក់ ដែលមានប្រាក់ចំណូលប្រចាំខែ ប្រមាណ ៣០០ ដុល្លារអាមេរិក និងសម្រេចបានទំហំទឹកប្រាក់នៃការនាំចេញ-នាំចូលប្រមាណ ៣ ៦៧២ លានដុល្លារអាមេរិក គិតពីខែ មករា ដល់ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគោលដៅប្រែក្លាយទៅជាឧទ្យានឧស្សាហកម្មអន្តរជាតិមួយ ដែលមានសហគ្រាសសរុប ៣០០ និងអាចបង្កើតការងារបានចំនួន ៨០ ០០០ ដល់ ១០០ ០០០ នាក់ ។ ទន្ទឹមនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងធ្វើការអភិវឌ្ឍបន្ថែម លើផ្ទៃដីដែលមិនទាន់អភិវឌ្ឍជាង ៥០០ ហិកតា លើផ្ទៃដីសរុប ១ ១១៣ ហិកតា ដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធលូ ទឹក និង អគ្គិសនី ជាដើម ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគថ្មីៗទៀត ខណៈដែលរាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តពិសេស និង ដាក់ចេញយន្តការជំរុញវិនិយោគនានា ។

លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការស្វែងយល់បញ្ហាប្រឈមរបស់វិនិយោគិន គឺជាភារកិច្ចសំខាន់របស់ក្រុមការងារ ដើម្បីស្វែងរកដំណោះស្រាយ និង ការសម្របសម្រួលផ្សេងៗ រួមទាំងការពន្យល់នានា ដើម្បីជំរុញការអនុវត្តគម្រោងដោយរលូន និង បង្កើតបរិយាកាសវិនិយោគល្អប្រសើរ ។

ជាមួយនេះ ក្រុមការងារប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងអនុវត្តកម្មវិធីពិសេសនេះ ឱ្យសម្រេចតាមគោលបំណងរាជរដ្ឋាភិបាល ដើម្បីជំរុញសម្ទុះសេដ្ឋកិច្ច, ជំរុញសកម្មភាពវិនិយោគ និង ដោះស្រាយបញ្ហាអគារគាំងនៅក្នុងខេត្ត ទន្ទឹមគ្នានឹងកិច្ចខិតខំប្រឹងប្រែងទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងវិស័យសំខាន់ៗផ្សេងៗទៀត ៕