សម្ដេចធិបតី និងរដ្ឋមន្ត្រី ២រូប អមដំណើរដោយលោកអភិបាលខេត្ត ធ្វើដំណើរថ្មើរជើង ស្វែងយល់សក្ដានុពលតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អមដំណើរដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឆ្លៀតចំណាយពេលវេលាធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ ដើម្បីស្វែងយល់សក្ដានុពលតំបន់ទេសចរណ៍ធម្មជាតិ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងលើបណ្តាញសង្គមថា លឺមួយរយដង មិនស្មើនឹងឃើញផ្ទាល់មួយដងទេ។ សម្តេចបានគូសបញ្ជាក់ដូច្នេះថា៖ “កាលពីថ្ងៃម្សិលមិញ ខ្ញុំបានឆ្លៀតឱកាសចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។ ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារខ្ញុំបានឃើញផ្ទាល់នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលខ្ញុំបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម”។

បើតាមការឱ្យដឹងបន្ថែមពីសម្តេចធិបតី ក្នុងដំណើរពេលនេះ មានការចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

សូមជម្រាបថា ខ្នងផ្សារ គឺជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ដែលជាតំបន់មួយសំបូរទៅព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា ហើយជាតំបន់ចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕