ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទទួលស្វាគមន៍ក្បួនប្រតិភូកង់ចំនួន ៣៥០កង់ ជនបរទេស ៣០នាក់ ស្រ្តី ២០នាក់ បានធ្វើដំណើរមកពី ទីស្ដីការក្រសួងទេសចរណ៍ ឆ្ពោះមកទីរួមខេត្តតាកែវ មានចម្ងាយ ៧៥គីឡូម៉ែត្រ ដើម្បីអបអរសារទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី០៩ នៅខេត្តតាកែវ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលនឹងរៀបចំនៅថ្ងៃ ២១-២២ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។

បើតាមរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ព្រឹត្តិការណ៍សេរីភាពជិះកង់កម្សាន្ត ចម្ងាយ ៧៥គីឡូម៉ែត្រនេះ ត្រូវចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ចាប់ពីវេលាម៉ោង៥:០០នាទីព្រឹក ឆ្ពោះទៅកាន់ទីរួមខេត្តតាកែវ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសន្តានុពលទេសចរណ៍ខេត្តតាកែវ និងដើម្បីចូលរួមអបអរសាទរទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍សេរីភាពជិះកង់កម្សាន្ត ចេញពីទីស្តីការក្រសួងទេសចរណ៍នេះ មុននឹងមកដល់ទីរួមខេត្តតាកែវ ក្រុមជិះកង់នឹងជិះទៅទស្សនាប្រាសាទតាព្រហ្ម ដែលស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ដែលមានចម្ងាយ៣៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ និងចូលរួមឧបត្ថម្ភសម្ភារៈសិក្សាដល់សិក្សានុសិស្សនៅស្រុកបាទីផងដែរ ហើយជិះមកដល់ទីរួមខេត្តតាកែវ រដ្ឋបាលខេត្ត ក្រោមវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងគណៈប្រតិភូ បានរង់ចាំទទួលស្វាគមន៍ក្បួនជិះកង់ នៅឯសួនច្បារមាត់បឹងតាកែវ ព្រមទាំងបានផ្តល់ជូនក្រមាម្នាក់មួយទុកជាអនុស្សាវរីយ៍ និងរៀបចំអាហារដោយបបរបង្កង និងពងទាកូន ដែលជាម្ហូបដ៏ល្បីប្រចាំខេត្តតាកែវ។
សូមជម្រាបថា ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ បានរៀបចំកីឡាចំនួន ១០ប្រភេទ សម្រាប់អបអរសាទរ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះរៀបចំ នាថ្ងៃទី ២១-២២-២៣ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ដោយក្នុងនោះរួមមាន កីឡាជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ ផងដែរ៕






