សម្តេចធិបតី ប្រគល់ភារកិច្ចដល់រដ្ឋមន្រ្តីក្រសួងពីរ សហការជាមួយអភិបាលខេត្តកំពង់ស្ពឺ អភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ

សង្គម​ និង​សេដ្ឋកិច្ច

ឆ្លៀតក្នុងឱកាសធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា សម្តេចបានប្រគល់ភារកិច្ចដល់រដ្ឋមន្រ្តីក្រសួងពីរ រួមមាន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋមន្រ្តីក្រសួងបរិស្ថាន សហការជាមួយអភិបាលខេត្តកំពង់ស្ពឺ សហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ និងដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី បានឱ្យដឹងថា «មុននឹងចាកចេញពីតំបន់ទេសចរណ៍ខ្នងផ្សារកាលពីថ្ងៃសៅរ៍ទី៨ មីនា កន្លងទៅនេះ ខ្ញុំបានជួបជជែកលេងជាមួយប្អូនប្រុសដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែងដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍»។

ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ សម្តេចធិបតីបានសម្រេច៖

១. ប្រគល់ភារកិច្ចជូនលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកអភិបាលខេត្តកំពង់ស្ពឺ សហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នេះ, សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ  កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ ,សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។

២, ប្រគល់ភារកិច្ចជូនលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន អភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

សូមជម្រាបថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លៀតឱកាសចំណាយពេលប្រមាណ ៤ម៉ោង៣០នាទី ធ្វើដំណើរថ្មើរជើងចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ។ ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារសម្តេចបានឃើញផ្ទាល់នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលសម្តេចបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម។

ក្នុងដំណើរពេលនេះ ក៏មានការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាគិតអំពីការជួយលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិនៅតំបន់នេះ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ផងដែរ៕