សម្តេចធិបតី ផ្តល់គោលនយោបាយការបរទេសអាទិភាព ៦ចំនុច ដើម្បីជំរុញវិស័យការទូតកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធីបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង ការអនុវត្តឱ្យកាន់តែប្រសើរឡើងថែមទៀត ខណៈសម្តេចធិបតី ក៏បានផ្តល់គោលនយោបាយការបរទេសអាទិភាព ៦ចំនុច ដើម្បីជំរុញវិស័យការទូតកម្ពុជានៅលើឆាកអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមលទ្ធផលក្រោយបញ្ចប់សន្និបាតប្រចាំឆ្នាំ ដើម្បីត្រួតពិនិត្យសមិទ្ធផលឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំនេះ សម្តេចធីបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេសបុរេសកម្ម និងការប្រាស្រ័យ ទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ស្នូលរបស់ជាតិ។ជាមួយគ្នានេះ សម្តេចក៏បានគូសបញ្ជាក់ពីអាទិភាពសំខាន់ៗចំនួន ៦ នៃគោលនយោបាយការបរទេសរបស់កម្ពុជារួមមាន៖

១.ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងពង្រីកទំនាក់ទំនង ស្និទ្ធស្នាលជាមួយប្រជាជាតិទាំងអស់ ដោយពង្រឹងការជឿទុកចិត្ត និងការយោគយល់គ្នា ទៅវិញទៅមក ភាពជាដៃគូឈ្នះ-ឈ្នះលើគ្រប់វិស័យ នៅក្រោមសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដោយសង្កត់ធ្ងន់លើការកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។

២.ការលើកកម្ពស់ពហុភាគីនិយម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងអភិបាលកិច្ចសកល ការគាំទ្រដល់កិច្ចប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការពង្រឹង ការរួមចំណែករបស់កម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅទូទាំងពិភពលោក។

៣.ការពង្រឹងមជ្ឈភាពរបស់អាស៊ាន តាមរយៈការពង្រឹងឯកភាព និងតួនាទីស្នូលរបស់អាស៊ាន ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ការគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ការរួមចំណែកដល់ផលប្រយោជន៍ និងវិបុលភាពរួមរបស់អាស៊ាន និងការឈានទៅសម្រេច ឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលនឹងត្រូវអនុម័តនៅក្នុងឆ្នាំនេះ។

៤.ការលើកកម្ពស់ការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីពង្រីកវត្តមានរបស់ព្រះរាជាណាចក កម្ពុជានៅលើទីផ្សារពិភពលោក បង្កើនទំនាក់ទំនងពាណិជ្ជកម្ម ទាក់ទាញការវិនិយោគពី បរទេស លើកកម្ពស់ទេសចរណ៍ និងផ្សព្វផ្សាយពីសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកិត្តិនាមរបស់ប្រទេស។

៥. ការពង្រឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិន ពិត ការពារ និងលើកកម្ពស់កិត្តិនាម និងផលប្រយោជន៍ជាតិកម្ពុជានៅលើឆាកអន្តរជាតិ។និង៦. ពង្រឹងសមត្ថភាពផ្នែកការទូតរបស់កម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងការបង្កើន ប្រសិទ្ធផលប្រតិបត្តិការ និងវិជ្ជាជីវៈនៃសេវាកម្មបរទេសរបស់កម្ពុជា៕