លោក ឃឹម ហ្វីណង់៖ ថ្លៃគ្រាប់ស្វាយចន្ទីសើមចន្លោះ ៤៥០០-៥០០០រៀល ក្នុងមួយគីឡូក្រាម ជាថ្លៃល្អ បើធៀបទៅនឹងឆ្នាំកន្លងទៅ

សង្គម​ និង​សេដ្ឋកិច្ច

លើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ ៤៥០០៛-៥០០០៛/គីឡូក្រាម ដែលជាថ្លៃល្អមួយបើធៀបទៅនឹងឆ្នាំកន្លងទៅ សម្រាប់ស្តង់ដារដូវកាលប្រមូលផលធំខែមីនា និងអាចផ្តល់ផលចំណេញក្នុងរង្វង់ ៣-៤លានរៀល/ហិកតា អាស្រ័យលើទិន្នផលទាបឬខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកលើកឡើងបែបនេះ របស់អ្នកនាំពាក្យខាងលើ គឺដើម្បីឆ្លើយតបនឹងព័ត៌មានមួយចំនួនតូច ដែលជាក្រុមMMO ដោយផ្សាយព័ត៌មានពាក់ព័ន្ធនឹងតម្លៃគ្រាប់ស្វាយចន្ទីបច្ចុប្បន្ន​ ដែលផ្សព្វផ្សាយមិនគ្រប់ជ្រោយធ្វើឱ្យមានការភ្ញាក់ផ្អើល ភ័ន្តច្រឡំដល់កសិករ។

លោកបានបញ្ជាក់ថា «សូមផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ជៀសវាងបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័ន្តច្រលំដល់បងប្អូនកសិករយើង។ ការចង់បានLikes និងShares តាមមធ្យោបាយបែបនេះ កំពុងធ្វើបាបដល់កសិករយើងដោយផ្ទាល់ផងនិងប្រយោលផងទៅវិញទេ។ ចង់មិនចង់ នឹងធ្វើឱ្យមានការព្រួយបារម្ភដល់កសិករអ្នកដាំស្វាយចន្ទី និងអាចរឹតតែពិបាកដល់ពួកគាត់ក្នុងការចរចាថ្លៃជាមួយអ្នកទិញ»។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ ធ្លាប់បានគូសបញ្ជាក់ថា ការប្រែប្រួលថ្លៃគ្រាប់ស្វាយចន្ទីឆៅពី«ថ្លៃកាលពីនៅដើមរដូវ» មក«ថ្លៃនៅក្នុងអំឡុងពេលប្រមូលផលធំ» គឺជានិន្នាការធម្មតានៃវដ្តតម្លៃរបស់ដំណាំស្វាយចន្ទី ដែលតែងតែកើតមានជារៀងរាល់ឆ្នាំទៅហើយ។

បើប្រៀបធៀបទៅនឹងខែមីនាដូចគ្នាកាលពីឆ្នាំ២០២៤(៤៥០០៛) ថ្លៃនៅក្នុងឆ្នាំនេះ(៤៨០០៛-៥០០០៛) នៅតែល្អជាងថ្លៃឆ្នាំមុននៅឡើយ ហើយក៏ស្ថិតនៅក្នុងកម្រិតមួយដែលអាចផ្តល់ប្រាក់ចំណេញសមរម្យដល់កសិករផងដែរ៕