ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មចិន បានអញ្ជើញមកកម្ពុជាដោយផ្ទាល់ដើម្បីពិភាក្សាពីការ វិនិយោគ និង អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

លោក លី យ៉ុងជុន (Li Yongjun) អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាជាមួយលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី១០ខែមីនាឆ្នាំ២០២៥។ ជំនួបនេះមានគោលបំណងផ្លាស់ប្ដួរទស្សនស្ដីពីកិច្ចសហការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិន។
លោកអគ្គលេខាធិការរង បានលើកឡើងថា ក្រោមការជួយជ្រោមជ្រែងពីភាគីមិត្ត តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានក្លាយទៅជាមជ្ឈមណ្ឌលទាក់ទាញវិនិយោគដ៏មានសក្ដានុពល និងបានបង្កើនទំហំពាណិជ្ជកម្ម និងជំរុញរំហូរវិនិយោគនៅកម្ពុជា តាមរយៈការស្រូបទាញនូវគម្រោងវិនិយោគ និងបង្កើតកន្លែងការងារបានជាអតិបរមា។

បន្ថែមពីនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដោយលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ស្របគ្នានេះ ភាគីទាំងពីរ បានពិភាក្សាយ៉ាងផុលផុសប្រកបដោយផ្លែផ្កាក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគតាមរយៈយន្ដការការងារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅអនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល សំដៅធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាមានភាពទាក់ទាញដល់ការវិនិយោគដែលផ្ដល់តម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយគុណភាពខ្ពស់៕
