សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសមួយ នឹងមិនអាចរីកចម្រើនបានទេ ប្រសិនគ្មានការអប់រំ និងបានកសាងមូលធនមនុស្សឱ្យមានគុណភាពពិតប្រាកដ។ការលើកឡើងរបស់សម្តេចធិបតីបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា” កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចធិបតី បានលើកឡើងថា ប្រទេសមានការអភិវឌ្ឍ រីកចម្រើនទៅបាន លុះត្រាណាមានធនធានមនុស្សច្រើន ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយនឹងមិនអាចទៅមុខបានទេ ហើយក៏គ្មានឱកាសប្រកួតប្រជែងជាមួយប្រទេសដទៃបានដែរ។
បន្ថែមពីនេះ សម្ដេចធិបតីបានថ្លែងដូច្នេះថា៖«ការអប់រំមនុស្ស មិនមែនដើម្បីតែចំណេះដឹង បទពិសោធន៍ការងារ តែក៏ដើម្បីអប់រំឥរិយាបទផង នេះហើយជាគោលដៅនៃការអប់រំ។ ដូច្នេះអប់រំមនុស្សម្នាក់ គឺត្រូវគិតទាំងបរិមាណ និងគុណភាពផងដែរ»។

បើតាមសម្តេច ក៏បានសង្កត់ធ្ងន់ចំពោះ «យុទ្ធសាស្ត្រអភិវឌ្ឍន៍មូលធនមនុស្ស» ដែលស្ថិតក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា គឺផ្ដោតលើការអប់រំបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ ហើយក៏ផ្ដោតលើការអប់រំសីលធម៌ ភាពជាពលរដ្ឋល្អផងដែរ ទើបយើងទទួលបានធនធានមនុស្សប្រកបដោយសក្ដានុពលខ្ពស់ ដែលមានលទ្ធភាពបន្តកសាងមូលធនមនុស្សសម្រាប់ជាតិទៅថ្ងៃមុខទៀត៕ អត្ថបទ៖ ហ្សាលីន
