លោក ជា វុទ្ធី ស្នើគណៈប្រតិភូចិន១៩ក្រុមហ៊ុន ឱ្យពិនិត្យលទ្ធភាពវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃឧស្សាហកម្មស្វាយចន្ទីកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើឱ្យគណៈប្រតិភូចិន មកពីទីក្រុងឃុនមីង និងធានជីន ឱ្យពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកសិកម្មផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើបែបនេះរបស់លោកក្នុងជំនួបពិភាក្សាការងារជាមួយវិនិយោគិនចិនមកពីទីក្រុងឃុនមីង និងធានជីន ប្រទេសចិន ដឹកនាំដោយលោក លាវ យ៉ុង ប្រធានសមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង ដោយមានការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក ជា វុទ្ធី បានលើកទ្បើងពី ស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណ ៥០% នៃទុនវិនិយោគសរុប។ លោកក៏បានធ្វើការកត់សម្គាល់ឃើញថា មានក្រុមហ៊ុនចិនធំៗជាច្រើនបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានៅក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគក្នុងកន្សោមឧស្សាហកម្មថ្មីៗ ដូចជាការផលិតសំបកកង់រថយន្ត ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក  ការកែច្នៃជ័រកៅស៊ូ…។ល។

លើសពីនេះ លោកក៏បានលើកឡើងពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលលើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។ ឆ្លៀតឱកាសនេះ លោកក៏បានបង្ហាញជូនពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។

ក្នុងន័យនេះ លោកអគ្គលេខាធិការ ក៏បានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬក៏ពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។

ជាការឆ្លើយតប លោក លាវ យ៉ុង បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។ លោកថានាពេលកន្លងមក លោកបានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទីប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ហើយឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាឯកឧត្តមអគ្គលេខាធិការនឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។ ជាមួយគ្នានោះ គណៈប្រតិភូដទៃទៀតក៏បានធ្វើការណែនាំពីសាវតាររបស់ក្រុមហ៊ុននីមួយៗ និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាខ្លាំង។

សូមបញ្ជាក់ថា ក្រុមហ៊ុនទាំង១៩ក្នុងជំនួបនោះ មានសកម្មភាពវិនិយោគក្នុងវិស័យកសិកម្ម, សុខាភិបាល, សំណង់និងអចលនទ្រព្យ, បច្ចេកវិទ្យា, ថាមពល, បោះពុម្ពនិងវេចខ្ចប់, ម្ហូបអាហារ, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ការគ្រប់គ្រងធុរកិច្ច, ការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់, លក់និងសេវាថែទាំរថយន្ត, និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ សមាគមអ្នកវិនិយោគវ័យក្មេងនៅខេត្តអ៊ីនណានមានសមាជិកសរុបចំនួនប្រមាណ ១.៥០០សហគ្រាស ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យផ្សេងៗពីគ្នា ហើយសហគ្រាសទាំងនោះកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា៕