សម្តេចតេជោ ចង់ឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-សិង្ហបុរី ថែមទៀត ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា ជើងហោះហើរត្រង់រវាងកម្ពុជា និងសិង្ហបុរី មានកំណើនគួរឲ្យកត់សម្គាល់ ខណៈសម្ដេចចង់ឃើញការហោះហើរត្រង់ឱ្យច្រើនបន្ថែមទៀត ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបសម្តែងការគួរសមរវាងសម្តេចតេជោ ហ៊ុន សែន និងលោកស្រី ធាវ ឡេ ឈិង  ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នាវិមានព្រឹទ្ធសភា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជាក៏ដូចសិង្ហបុរីសម្លឹងមើលក្នុងក្របខណ្ឌអាស៊ាន ព្រោះក្នុងក្របខណ្ឌអាស៊ានយើងមានប្រជាជនរហូតទៅដល់៦០០លាននាក់និង RCEP មានដល់២០០០លាននាក់ ដែលជាទីផ្សារមួយដ៏ធំ ដែលយើងគួរតែយកចិត្តទុកដាក់ដែលអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។

សម្ដេច ក៏ជំរុញឲ្យពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសិង្ហបុរី ឲ្យកាន់តែកើតឡើងបន្ថែមទៀត ដែលរហូតមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានខ្ទង់ជាង១ពាន់លានដុល្លារ ហើយសង្ឃឹមថាតាមរយៈឱកាសខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។

ជាមួយគ្នានោះ សម្ដេចតេជោក៏បានមានប្រសាសន៍អំពីជើងហោះហើរត្រង់រវាងកម្ពុជា និងសិង្ហបុរី ដែលមានកំណើនគួរឲ្យកត់សម្គាល់ ហើយសម្ដេចចង់ឃើញការហោះហើរត្រង់ឱ្យច្រើនបន្ថែមទៀត ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។

លោកស្រី ឯកអគ្គរដ្ឋទូតសិង្ហបុរីបានលើកឡើងថា លោកស្រីនឹងខិតខំប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត។លោកស្រីសង្ឃឹមថា ក្នុងអាណត្តិលោកស្រីនៅពេលនេះលោកស្រីចង់ឃើញនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា ការសម្ពោធនៅព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា។

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​និង​កំពុង​ខិត​ខំជំរុញ​ការ​វិនិយោគ​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ហេដ្ឋារចនា​សម្ព័ន​តាម​ផ្លូវ​អាកាស​ ទេសចរណ៍ក៏​កំពុង​បោះ​ជំហាន​ទៅ​មុខ​លឿនផងដែរ​ ដោយតាមផែនការនៅ​ ​ខែ​កក្កដាខាង​មុខនេះ កម្ពុជា​នឹង​បើក​សម្ពោធ​ឱ្យ​ដំណើរ​ការ​ជាផ្លូវ​ការ​ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ​អាច​អនុញ្ញាត​ឱ្យ​យន្តហោះ​ខ្នាត​ធំ​បំផុត​របស់​ពិភពលោក​ដូច​ជា Airbus A380-800 , Boeing 747-800 អាចចុះចតបាន៕