កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣ ខែមេសាឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នេះបើយោងតាមប្រសាសន៍របស់ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ ក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
លោកបន្តថា គណៈកម្មការ បានបើកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃដំណើរការរៀបចំ ដែលបានផ្ដល់ជូនដល់សមាជិក សមាជិកាគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដើម្បីជំរុញបញ្ចប់ការងារដែលនៅសេសសល់ឱ្យបានរួចរាល់តាមផែនការដែលបានគ្រោងទុក។
ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានជំរុញគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ សម្រេចភារកិច្ចការងារដែលបានដាក់ជូនឱ្យបានល្អប្រសើរ ដើម្បីញ៉ាំងឱ្យកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិកំពតថ្មីនេះ មានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា៕ អត្ថបទ៖ ហ្សាលីន
