ការនាំចេញក្នុងរយៈពេល ២ខែ ពោលគឺខែមករា-ខែកុម្ភៈ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន១៣៥ ០៧៤ តោន គិតជាទឹកប្រាក់បានចំនួន ១០៦លានដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងបន្ថែមថា ក្នុងរយៈពេល ២ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ១៣៥ ០៧៤តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥១។
ទីផ្សារគោលដៅទាំង ៥១ នេះ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ បានបរិមាណអង្ករចំនួន ៧៣ ០៤៨ តោន គិតជាទឹកប្រាក់ចំនួន ៥៨.៥៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៦ ៥០០ តោន គិតជាទឹកប្រាក់ចំនួន ១០.៤៧ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៤ប្រទេសបានបរិមាណចំនួន ២៣ ២៩៧ តោន គិតជាទឹកប្រាក់ចំនួន ១៦.៦៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ២២ ២២៩ តោន គិតជាទឹកប្រាក់ចំនួន ១៩.៨៧ លានដុល្លារសហរដ្ឋអាមេរិក។

សូមជម្រាបថា ត្រឹមរយៈពេល ២ ខែ នៃឆ្នាំ២០២៥ នេះដែរ ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨៦.០៣% ប្រភេទអង្ករស ធម្មតា ៨.៦៥% អង្ករចំហ៊ុយ ២.៩៩% អង្ករសរីរាង្គចំនួន ១.៨៧% និងអង្ករផ្សេងៗចំនួន ០.៤៦% ។ទន្ទឹមគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ១ ៣៩២ ១១៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៣១៣.២២ លានដុល្លារសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីសហព័ន្ធស្រូវអង្ករកម្ពុជា៕ អត្ថបទ៖ ហ្សាលីន
