មន្រ្តីជាន់ខ្ពស់៖ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ផ្តោតលើវិស័យអាទិភាពចំនួន ៦

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់កម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានឱ្យដឹងថា ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន បានផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ពិនិត្យលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី (២០២៤-២០២៨) នាព្រឹកទី១២ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៃការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) និងកំណត់ទិសដៅការងារជាអាទិភាពសំខាន់ៗ សម្រាប់អនុវត្តបន្តនាពេលខាងមុខផងដែរ។

លោក ក៏បានបញ្ជាក់ថា ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នេះ គឺផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៦ ដូចជា៖ ១​.កិច្ចសហប្រតិបត្តិការនយោបាយ ២.សមត្ថភាពផលិត និងវិនិយោគ ៣.កសិកម្ម ៤.ថាមពល និងអភិវឌ្ឍន៍បៃតង ៥. សន្តិសុខ និង ៦.ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលក្នុងនោះ មានការចូលរួមអនុវត្តដោយក្រសួង ស្ថាប័ន ចំនួន២៧។

គួររម្លឹកដែរថា ផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) ត្រូវបានរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយតំណាងនៃរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្កុជា និង លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជាសហហត្ថលេខី៕ អត្ថបទ៖ ហ្សាលីន