គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមទុន២៤៨លានដុល្លារអាម៉េរិក ស្នើសុំចុះបញ្ជីវិនិយោគ នៅក្នុងរាជធានី ខេត្តចំនួន៤ នៅកម្ពុជា។

ការស្នើសុំចុះបញ្ជីរបស់គម្រោងវិនិយោគត្រូវបានពិភាក្សាក្នុង“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៤ ក្នុងឆ្នាំ២០២៥ ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
សំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ ២៤៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២,៦ពាន់កន្លែង។

គម្រោងវិនិយោគទាំងនេះ មានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង (ផលិតថ្មម៉ាប, ផលិតពិល, កែច្នៃស្បែក, និងផលិតប្រដាប់ប្រដារនិងគ្រឿងសង្ហារិមក្មេង) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៣គម្រោង (គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព២០មេហ្គាវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់, គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៣០០មេហ្គាវ៉ាត់ និងគម្រោងបង្កើតផែស្ងួត)។
សូមបញ្ជាក់ថា គម្រោងវិនិយោគទាំង៧នេះ បានបោះទីតាំងនៅរាជធានី ខេត្តចំនួន៤ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
សូមជម្រាបថា ២ខែ ដើមឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។នៅក្នុងរយៈពេល២ខែ ឆ្នាំនេះ ចំនួនគម្រោងវិនិយោគមានការកើនឡើងរហូតដល់ទៅ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕