មានប្រវត្តិជូរចត់ពីអតីតកាល ធ្លាប់បាត់បង់សាច់ញាតិកាលអំឡុងសម័យសង្គ្រាមរបបខ្មែរក្រហម ជាពិសេសមានអនុស្សាវរីយ៍រួមចំណែកចូលរួមដឹកនាំការងារសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងកសាងសមិទ្ធិផលនានាជាច្រើនកន្លងមកនៅក្នុងទឹកដីខេត្តពោធិ៍សាត់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON GROUP) និងជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយប្រាំ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) និងឧត្តមភរិយា អ្នកឧកញ៉ា លីហៀក រតនា មានសទ្ធារជ្រះថ្លាជាមួយ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងក្នុងនិងក្រៅប្រទេស ចូលរួមកសាងព្រះវិហារ «ឧបោសថាគារ» មួយខ្នងដោយចំណាយថវិកាប្រមាណជាង ១លាន ១សែនដុល្លារអាម៉េរិក ស្ថិតនៅសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលទើបរៀបចំពិធីបញ្ចុះខណ្ឌសីមារួចរាល់រយៈពេលបីថ្ងៃ ត្រូវនឹងថ្ងៃទី៩-១០-១១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។

ថ្លែងប្រាប់សារព័ត៌មាន ឧកញ៉ាញូស៍ អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានរំឭកពីដំណើរដើមចមនៃសទ្ធាជ្រះថ្លាឈានទៅផ្តួចផ្តើមកសាងព្រះវិហារ «ឧបោសថាគារ» មួយខ្នងនេះថា «កាលពីឆ្នាំ១៩៧៨ សម័យប៉ុលពត ខ្ញុំរស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ កាលនោះ ខ្ញុំបានបាត់បង់សាច់ញាតិ ជាពិសេសប្អូនប្រុសបង្កើតឈ្មោះ រតនៈ និងប្អូនស្រីជីដូនមួយម្នាក់ទៀតឈ្មោះថា ស្រីលក្ខណ៍ ហើយក្រោយមក ខ្ញុំបាត់បង់ឳពុកមារចំនួនពីរនាក់ទៀត ដោយម្នាក់បាត់បង់នៅឆ្នាំ១៩៧៩ និងម្នាក់ខ្ទង់ឆ្នាំ១៩៨៣ ដូច្នេះហើយទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ដិតដាមខ្លាំងជាបន្តបន្ទាប់ក្នុងទឹកដីនៃខេត្តពោធិ៍សាត់»។


អ្នកឧកញ៉ាម្ចាស់ដើមបុណ្យបញ្ចុះខណ្ឌសីមានៅវត្តមណីរតនារាមរូបនេះបញ្ជាក់បន្ថែមថា៖ លើសពីនេះ អ្នកឧកញ៉ាក៏ធ្លាប់បានវិវិនិយោគនៅក្រុមហ៊ុនកសិកម្មមួយនៅស្រុកក្រគរ ហើយក្រោយមកក៏បានធ្វើការងារមនុស្សធម៌កាកបាទក្រហមកម្ពុជាអស់រយៈពេល ៥ឆ្នាំ ដូចជាការចូលរួមកសាងសាលាអនុសាខាកាកបាទក្រហមខេត្តជាច្រើនកន្លែង និងបាននាំយករថយន្តសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាច្រើនគ្រឿងប្រគល់ជូនមន្ទីរពេទ្យនៅទីនោះរហូតបានស្គាល់ទីអារាមកាលអំឡុងដែលកាលនោះឧបាសក សាន សុជា នៅជាព្រះសង្ឃនៅឡើយ ជាហេតុទាំងអស់នេះហើយ ទើបជំរុញទឹកចិត្តអ្នកឧកញ៉ាឲ្យមានសទ្ធារជ្រះថ្លាសម្រេចកសាងព្រះវិហារនៅវត្តមណីរតនារាម នៅទឹកដីខេត្តពោធិ៍សាត់តែម្តង។
កម្មវិធីបញ្ចុះខណ្ឌសីមាព្រះវិហារ «ឧបោសថាគារ» រយៈពេល៣ថ្ងៃនោះ ក៏មានព្រះវត្តមាននៃការយាងនិមន្តប្រទានធម្មទេសនារបស់សម្ដេចព្រះពោធិវង្សគតិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តចន្ទបុរីវង្ស ហៅវត្តសំរោងខាងជើង, សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានលេខារដ្ឋានគណៈនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណរាជធានីភ្នំពេញ, សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៏ខេត្តសៀមរាប ព្រះព្រហ្មាភិតែ កែវ កន រតនប្បញ្ញោព្រះពោធិវង្សាវិមល មេគុណខេត្តពោធិ៍សាត់ និងជាព្រះចៅអធិការវត្តកែវវិជ័យ រួមទាំងធម្មសន្ទនា ដោយធម្មវាគ្មិនជាសង្ឃ និងគ្រហស្ថដឹកនាំកម្មវិធីដោយ ឧបាសក សាន សុជា ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី៣នៃពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារនៅវត្តមណីរតនារាម ខេត្តពោធិ៍សាត់នោះ មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា ក៏បានរៀបចំកម្មវិធីចួបជុំជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសលើកទី១៥ ឆ្នាំ២០២៥ ដោយមានជនពិការកំបុតដៃទាំងពីរចូលរួមចំនួន ១៨៥នាក់ ម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ១លានរៀល អាហារ១កញ្ចប់ និងភេសជ្ជៈ ព្រមទាំងជនពិការមិនត្រូវតាមលក្ខខណ្ឌរបស់មូលនិធិចំនួន ១៤នាក់ ម្នាក់ទទួលបានថវិការ ១០ម៉ឺនរៀល អាហារ១កញ្ចប់ និងភេសជ្ជៈ។
សូមជម្រាបថា អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងភរិយាអ្នកឧកញ៉ា លីហៀក រតនា ក្រៅពីបង្កើតការងាររាប់ពាន់កន្លែង ជំរុញញសេដ្ឋកិច្ចជាតិតាមរយៈវិស័យជំនួញក្នុងក្រុមហ៊ុន សាន់ & មូន គ្រុប (SUN & MOON GROUP) និងក្រៅតែពីមាន «មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា ព្រមទាំងសប្បុរសជននានា» ដែលកៀរគរថវិកាពីសប្បុរសជនជួយទំនុកបម្រុងឧបត្ថម្ភដល់ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសហើយនោះ អ្នកឧកញ៉ាតែងតែមានវត្តមានជានិច្ចក្នុងការផ្តល់ជំនួយរថយន្តពេទ្យសង្រ្គោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនតាមបណ្តាអង្គភាពកងទ័ព នគរបាល មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព មណ្ឌលកែប្រែ និងស្ថាប័នផ្សេងទៀត ជាពិសេសអ្នកឧកញ៉ាបណ្ឌិត និងភរិយាបានគិតគូរដល់សុខទុក្ខដល់ស្ត្រីមានគត៌ និងស្ត្រីមានកូនតូច ដែលកំពុងស្ថិតក្នុងមណ្ឌលកែប្រែថែមទៀតផង៕




























































