ភ្នំពេញ៖ ជើងហោះហើរអន្តរជាតិត្រូវបានពង្រឹងនិងពង្រីក ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ លើការតភ្ជាប់ជើងហោះហើរជាប្រវត្តិសាស្ត្រ រវាងរាជធានីភ្នំពេញនិងរដ្ឋធានីញូវដែលីប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតនិងកាតា ដែលផ្សារភ្ជាប់ជើងហោះហើរ រវាងរាជធានីភ្នំពេញ និងទីក្រុងឌូបៃ និងទីក្រុងដូហា។

នេះបើតាមការថ្លែងរបស់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ក្នុងសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា នៅឆ្នាំ២០២៤ អ្នកដំណើរតាមផ្លូវអាកាសមានចំនួនសរុបចំនួន៦,២៤ លាននាក់ ដែលមានកំណើនប្រមាណ២២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៣ មានចំនួនអ្នកដំណើរសរុបចំនួន៥,១១ លាននាក់។

ចំពោះការដឹកជញ្ជូនតាមផ្លូវអាកាសវិញ លោក ម៉ៅ ហាវណ្ណាល់ បានឱ្យដឹងផងដែរថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៧៧,៨ ពាន់តោន ដែលមានកំណើនវិជ្ជមានប្រមាណ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដែលការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៥៥,៧ ពាន់តោន។ អាកាសចរណ៍ស៊ីវិល បានដាក់ទិសដៅការងារឆ្នាំ២០២៥ សម្រេចឱ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន៧,៥ លាន នាក់ និងទំនិញចំនួន ៨០ ពាន់តោននៅក្នុងឆ្នាំ២០២៥។
គួរជម្រាបថាក្នុងឆ្នាំ២០២៤ កម្ពុជាមានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង ដែលមានកំណើន១៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ សរុបចំនួន ៥១ ១៤៩ ជើង។ ចំណែកជើងហោះហើររំលងមានសរុបចំនួន ៧១ ៦១៣ ជើង មានកំណើន ១៤% បើប្រៀប ធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ ដែលទទួលបានជើងហោះហើរសរុបចំនួន ៦៣ ០៨៧ ជើង៕
