លោក ស សុខា៖ បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ

សង្គម​ និង​សេដ្ឋកិច្ច

លោក ស សុខា  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលមានការចូលរួមពីលោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 

ថ្លែងក្នុងពិធីនោះ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។ 

ដោយលោកបានលើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។  ដូច្នេះ លោករដ្ឋមន្រ្តីបានព្រមានឱ្យដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធ ព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក។ 

សូមបញ្ជាក់ថា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ  នាយកមន្ត្រីកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ«សម្អាតផ្ទះយើង» ដោយក៏បានផ្ដោតលើបញ្ហាគ្រឿងញៀននេះដែរ ពោលគឺមន្ត្រីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវទទួលការអនុវត្តវិធានការវះកាត់សាច់ស្អុយ ដោយបណ្ដេញចេញពីក្របខ័ណ្ឌ និងទទួលខុសត្រូវចំពោះមុខច្បាប់។មិនត្រឹមតែអ្នកដែលជួញដូរនោះទេ មន្ត្រីស៊ីវិល និងកងកម្លាំងដែលប្រើប្រាស់គ្រឿងញៀន តួយ៉ាងក្រសួងមហាផ្ទៃ ក៏បានអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងការសេពគ្រឿងញៀននេះផងដែរ៕

ប្រភព៖ ក្រសួងមហាផ្ទៃ