កម្ពុជា-ហ្វាំងឡង់ បានប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ពិសេសនឹងផ្តោតកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន៥ រួមមាន៖វិស័យឌីជីថល, បរិស្ថាន, ពាណិជ្ជកម្ម, វិនិយោគ និងធុរកិច្ចជាដើម។

ការប្តេជ្ញានេះ ត្រូវបានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។ លោកស្រី ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀតផងដែរ។


ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេច ជឿជាក់ថា តួនាទីរបស់លោកស្រីអគ្គរដ្ឋទូត នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់រីកចម្រើនថែមទៀត។
បន្ថែមពីនេះ សម្ដេច ក៏បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការអប់រំ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារ ព្រមទាំងការជំរុញការតភ្ជាប់ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើនេះ សម្ដេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីវិស័យសក្កានុពល និងបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល, បរិស្ថាន, ពាណិជ្ជកម្ម, វិនិយោគ និងធុរកិច្ច ជាពិសេស លើសារ:សំខាន់នៃនិវានុវត្តន៍ និងការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម សំដៅបន្តភ្ជាប់ទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងហ្វាំងឡង់៕ អត្ថបទ៖ ហ្សាលីន
