កម្ពុជា និងស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី ជំរុញការអភិវឌ្ឍវិស័យភស្ដុភារកម្មនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាការងារជាមួយស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី ស្ដីពីកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍគម្រោងនានា ដើម្បីជំរុញវិស័យភស្ដុភារកម្មនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឈៀង ពេជ្រ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ទទួលជួបនិងពិភាក្សាការងារជាមួយស្ថាប័នហេដ្ឋារចនាសម្ព័ន្ធអាស៊ី (IA – Infrastructure Asia) ស្ដីពីកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍគម្រោងនានា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកភស្តុភារកម្ម  និងមន្រ្តីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានភស្ដុភារកម្មជាច្រើនរូបផងដែរ។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ គឺ (១) ពិនិត្យលើវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ (២) វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្ដុភារកម្មក្រុងព្រះសីហនុ និង (៣) កាលានុវត្តភាពនៃកិច្ចសហការវាងស្ថាប័ន IA ជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូន លើការអភិវឌ្ឍវិស័យភស្ដុភារកម្ម ដោយផ្តោតលើគំនិតផ្តួចផ្តើមគាំទ្រដល់គោលដៅអព្យាក្រឹតកាបូន (Carbon Neutrality) នៅកម្ពុជា។

លោក ស៊ុន ចាន់ថុល ឧបនាយរដ្ឋមន្ត្រី ធ្លាប់បានលើកឡើងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនិងមជ្ឈមណ្ឌលភស្ដុភារកម្មក្រុងព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀតដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ជាតិនេះ រាជរដ្ឋាភិបាលបាននឹងកំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យនេះ៕