នៅព្រឹកថ្ងៃទី13 ខែមីនា ឆ្នាំ2025 ធនាគារ វីង បានចេញសេចក្តីជូនដំណឹង ដោយសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះភាពរអាក់រអួលនៃសេវាកម្មរបស់ធនាគារ នៅក្នុងអេបរបស់ខ្លួន ខណៈពេលដែលធនាគារ វីង កំពុងតែប្រឹងប្រែងកែលម្អនូវបច្ចេកទេសកាលពីថ្ងៃទី12 ខែមីនា ឆ្នាំ2025 កន្លងទៅនេះ ។

សេចក្តីជូនដំណឹងរបស់ធនាគារ វីង មានខ្លឹមសារដូចខាងក្រោម៖
នៅធនាគារ វីង យើងខ្ញុំបានចាត់ទុកអតិថិជនគឺជាបេះដូងនៃអ្វីៗគ្រប់យ៉ាងដែលយើងខ្ញុំខិតខំក្នុងការបម្រើសេវាកម្មជូន។ យើងខ្ញុំសូមសម្តែងការខន្តីអភ័យទោសយ៉ាងអស់ពីដួងចិត្តចំពោះការអាក់រអួលនៃសេវាកម្មរបស់យើងខ្ញុំ ដែលបានកើតឡើងកាលពី ថ្ងៃទី 12 ខែមីនា ឆ្នាំ 2025 កន្លងទៅ ដោយមូលហេតុយើងខ្ញុំបានធ្វើនូវវឌ្ឍនភាពផ្នែកបច្ចេកទេសរបស់ធនាគារ វីង។ យើងខ្ញុំយល់យ៉ាងច្បាស់ថា ការរអាក់រអួលនេះបានបង្កឱ្យមានការប៉ះពាល់មួយចំនួន ហើយយើងខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការរំខានណាមួយដែលបានប៉ះពាល់ដល់បទពិសោធន៍នៃការប្រើប្រាស់សេវាធនាគាររបស់លោកអ្នក។
ជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំ គឺនឹងនៅតែបន្តក្នុងការផ្តល់ជូនលោកអ្នកនូវដំណោះស្រាយធនាគារដែលគួរឱ្យទុកចិត្ត ងាយស្រួល និងមានភាពច្នៃប្រឌិត។ ខណៈពេលដែលយើងខ្ញុំនៅតែបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រតិបត្តិការរបស់យើងខ្ញុំដើម្បីបម្រើសេវាកម្មឱ្យកាន់តែប្រសើរ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការអត់ធ្មត់ និងការយោគយល់អាធ្យាស្រ័យរបស់លោកអ្នក។
យើងខ្ញុំសូមថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ទុកចិត្ត និងបន្តគាំទ្រ ហើយយើងខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំក្នុងការផ្តោតជាសំខាន់ទៅលើអតិថិជនបន្តទៅពេលអនាគត។
សូមបញ្ជាក់ផងដែរថា នៅពេលនេះសេវារបស់ធនាគារ វីង បានត្រលប់មកស្ថានភាពប្រក្រតីវិញហើយ។ អតិថិជន អាចធ្វើការដាក់ប្រាក់ ដកប្រាក់ និងសេវាផ្សេងៗទៀតបានដូចធម្មតា។ ក្នុងករណីអតិថិជន មានបញ្ហាអ្វីមួយ សូមទាក់ទងទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង បានគ្រប់ពេល៕