កម្ពុជា-ថៃ នឹងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងខេត្តជាប់ព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ថៃ បានប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងខេត្តជាប់ព្រំដែនដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក សុខ លូ អភិបាលបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយ លោក ណារុត សូន្ថរោត្តម(Narut Soontarodom) អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃប្រចាំខេត្តសៀមរាប កាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោក សុខ លូ បានថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិចំនួន២ និងច្រកតំបន់ចំនួន៣ដោយមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រជាប់ទៅនឹងខេត្តចំនួន៣របស់ប្រទេសថៃរួមមាន៖ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ។

តាមរយៈអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប លោក សុខ លូ ក៏បានស្នើភាគីថៃបន្តជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរក្នុងការវិលត្រឡប់មកលេងស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះផងដែរ។

ជាមួយគ្នានេះ លោក ណារុត សូន្ថរោត្តម បានមើលឃើញថា ខេត្តបាត់ដំបងនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍រីកច្រើនឡើងជាលំដាប់។យ៉ាងណាមិញ លោកក៏បានស្នើដល់លោក សុខ លូ និងអ្នកពាក់ព័ន្ធផ្សេងទៀត ជួយរក្សាសន្តិសុខ និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិថៃដែលធ្វើដំណើរមកលេងកម្សាន្ត និងបំពេញការងារនៅក្នុងទឹកដីខេត្តបាត់ដំបង។

សូមជម្រាបដែរថា ក្នុងជំនួបខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មរវាងខេត្តជាប់ព្រំដែនសំដៅជំរុញប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាពធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។ជាងនេះទៀត ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការបន្តកិច្ចសហការរួមគ្នាក្នុងការបង្រ្កាបគ្រឿងញៀន និងបទល្មើសឆ្លងដែនជាពិសេសល្បែងអនឡាញខុសច្បាប់ និងការឆបោកតាមអនឡាញថែមទៀត៕ អត្ថបទ៖ ហ្សាលីន