លោក នេត សាវឿន៖ ឆ្នាំនេះ ប្ដេជ្ញាលុបបំបាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន ក្លឹបកម្សាន្ដនានា មិនខ្វល់ថាទីតាំងរបស់អ្នកណាឡើយ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ លោក នេត សាវឿន បានប្តេជ្ញាចិត្តលុបបំបាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដ ក្នុងឆ្នាំ២០២៥ ដោយមិនត្រូវគិត ឬខ្វាយខ្វល់ថា ទីតាំងដែលពាក់ព័ន្ធនោះជារបស់អ្នកណា ឬអ្នកណានៅពីក្រោយនោះទេ ពោលត្រូវតែងចាត់វិធានការភ្លាមៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានថ្លែងបែបនេះ នៅក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ ដោយលោកបានថ្លែងថា «ឆ្នាំនេះយើងត្រូវប្ដេជ្ញាចិត្តដាច់ខាត គឺលុបបំបាត់ឲ្យបានការជួញដូរ ប្រើប្រាស់គ្រឿងញៀន នៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានា។ ម៉ោងនេះសូមកុំគិតថាទីតាំងជារបស់អ្នកណា អ្នកណានៅពីក្រោយ ឲ្យតែមានការពាក់ព័ន្ធ គឺត្រូវចាត់វិធានការភ្លាម»។

ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល ត្រូវសហការជាប់ជាប្រចាំ ជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្នុងការចុះត្រួតពិនិត្យរដ្ឋបាល អប់រំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់អាជីវកម្មទីតាំងនានា ដើម្បីលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងរបស់ខ្លួន។ ការងារនេះអភិបាលរាជធានី-ខេត្ត ជាអ្នកទទួលបន្ទុកអនុវត្តលើយន្ដការដែលមានស្រាប់ ព្រោះជាអ្នកដឹងអំពីមូលដ្ឋានទីតាំងភូមិសាស្ដ្រជាក់ស្ដែង។

លើសពីនេះ លោកក៏បានណែនាំគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន តាមច្រកទ្វារព្រំដែន ត្រូវសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែន យកចិត្តទុកដាក់ការ នាំចូលគ្រឿងញៀនពីក្រៅប្រទេស តាមផ្លូវគោក អាកាស ទឹក និងបញ្ញើប្រៃសណីយ៍ ជាពិសេសផ្លូវគោកតាមប្រទេសជិតខាង និងត្រូវពង្រឹងកិច្ចសហការជាមួយខេត្តជាប់ព្រំដែន ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន បង្ការ ទប់ស្កាត់ ទាន់ពេល។

លោកបានបន្ថែមថា គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវម្ចាស់ការ បុរេសកម្ម ក្នុងការអនុវត្តច្បាប់ម៉ឺងម៉ាត់ ចំពោះបទល្មើសគ្រឿងញៀន ស្រាវជ្រាវ តស៊ូករណី ពន្លាត ឲ្យដល់ឫសគល់ និងមេខ្លោង សហការជាប់ជាប្រចាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។ សមត្ថកិច្ចដែលមានភារកិច្ចតាមព្រំដែន និងច្រកទ្វារអន្តរជាតិ ត្រូវបង្កើនការត្រួតពិនិត្យ ទប់ស្កាត់ ការនាំចូលគ្រឿងញៀន តាមអាកាសយានដ្ឋាន ច្រកទ្វារ។

បើតាមលោក នេត សាវឿន បើទោះបីវិធានការច្បាប់ម៉ឺងមាត់យ៉ាងណាក្ដី ក៏មិនភ្លេចលើកឡើងអំពីវិធានការផ្សព្វផ្សាយអប់រំផងដែរ ពោលត្រូវផ្សព្វផ្សាយអប់រំដោយឈរលើគោលការណ៍ ទាន់សម័យ និងមានប្រសិទ្ធភាព៕