កម្ពុជា និងឥណ្ឌា បានពិភាក្សាអំពីសក្តានុពលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រវាងប្រទេសទាំងពីរមានជាអាទិ៍ សេដ្ឋកិច្ច, ពាណិជ្ចកម្ម, ការវិនិយោគ, ការពារជាតិ និងសន្ដិសុខ, ទេសចរណ៍ និងវប្បធម៌, ការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន រវាងធុរជននិងធុរជន។ លើសពីនេះ ក៏ពិភាក្សាពីលទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជាផងដែរ។

នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា និងកម្ពុជា ដោយលោកបញ្ជាក់ថា ប្រទេសទាំងពីរមានចំណងមិត្តភាព សាមគ្គីភាព និងជាប្រពៃណីជាយូរណាស់មកហើយ ខណៈកម្ពុជាគឺជាដៃគូដ៏សំខាន់មួយរបស់ឥណ្ឌា។

ជាការឆ្លើយតប សម្ដេចធិបតី មានប្រសាសន៍លើកឡើងថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ទន្ទឹមនឹងនោះ ភាគីទាំងពីរបានពិភាក្សាអំពីសក្តានុពលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន មានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ចកម្ម, ការវិនិយោគ, ការពារជាតិ និងសន្ដិសុខ, ទេសចរណ៍ និងវប្បធម៌, លទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា, ព្រមទាំងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងធុរជននិងធុរជន ផងដែរ។
សូមជម្រាបជូនថា ពាក់ព័ន្ធវិស័យទេសចរណ៍ កម្ពុជាបាននិងកំពុងខិតខំជំរុញការវិនិយោគលើគ្រប់វិស័យ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័នតាមផ្លូវអាកាស ទេសចរណ៍ក៏កំពុងបោះជំហានទៅមុខលឿនផងដែរ ដោយជើងហោះហើរអន្តរជាតិត្រូវបានពង្រឹងនិងពង្រីក ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ លើការតភ្ជាប់ជើងហោះហើរជាប្រវត្តិសាស្ត្រ រវាងរាជធានីភ្នំពេញនិងរដ្ឋធានីញូវដែលីប្រទេសឥណ្ឌា និងក៏ជាការចាប់ផ្តើមហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតនិងកាតា ដែលផ្សារភ្ជាប់ជើងហោះហើរ រវាងរាជធានីភ្នំពេញ និងទីក្រុងឌូបៃ និងទីក្រុងដូហាផងដែរ៕
