លោក ផន រឹម៖ គម្រោងដ៏ធំរបស់ជាតិចំនួន២ ជួយលើកសម្រស់ និងការអភិវឌ្ឍខេត្តកោះកុង

សង្គម​ និង​សេដ្ឋកិច្ច

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងដ៏ធំរបស់ជាតិចំនួន២ គឺផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ បានជួយលើកសម្រស់ និងការអភិវឌ្ឍខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨,០៣៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបើកការដ្ឋានសាងសង់កាលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ។

ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

ខ្សែផ្លូវនេះក៏ដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេសផងដែរ។

ចំណែកឯផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង (កោះកុង-វាលវែង-សំឡូត) មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ។គិតត្រឹមសប្តាហ៍ទី១ ខែមីនា ឆ្នាំ២០២៥ ផ្លូវជាតិលេខ១០ សម្រេចការសាងសង់បាន ៩៧,៣២%ហើយ។

ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ DBST សាងសង់ផ្លូវរយៈពេល៦៦ខែ ដោយចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងគ្រោងបញ្ចប់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានមានប្រសាសន៍គូសបញ្ជាក់ថា ផ្លូវ គឺ​ជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងបង្ខិតឱ្យកាន់តែជិតរវាងខេត្ត និងខេត្ត តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវ ដែលប្រៀបបានដូចជាសរសៃឈាម និងមានសារៈសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ៕