ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលលើការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កកចូលថ្ងៃផុតកំណត់

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសេចក្តីដំណឹងស្តីពីការបញ្ចប់អនុលោមតាមខ្លឹមសារលិខិតលេខ ០៧៤៤ ព.ណ ផផច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម,អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវមុខទំនិញគ្រឿងក្នុងសត្វជ្រូក ចំនួន២បន្ទាត់ពន្ធដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវផុតសុពលភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា “ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥តទៅ ប្រព្រឹត្តកម្មលើការនាំចូលមុខទំនិញគ្រឿងក្នុងសត្វជ្រូកបង្កកខាងលើ ត្រូវអនុលោមតាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ជាធរមានវិញ ”។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា ពាក់ព័ន្ធនិងការបិទផ្អាកមិនឱ្យនាំចូលជាបណ្តោះអាសន្ននៅគ្រឿងក្នុង និងបំណែកសាច់បង្កកអស់រយៈពេលមួយឆ្នាំ បានចូលមកដល់ថ្ងៃផុតកំណត់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ហើយចាប់ពីថ្ងៃទី១៣ ខែមីនាតទៅនិងបើកឱ្យនាំចូលវិញនៅបំណែកគ្រឿងក្នុងនិងបំណែកសាច់បង្កកហាមឃាត់នេះ ប៉ុន្តែមិនអាចនាំចូលបានដោយសេរីនោះទេ បើចង់នាំចូលទាល់តែស្នើសុំផ្ទាល់មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាអ្នកអនុញ្ញាត។

លោកបន្តថា “ខ្ញុំសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលនឹងគាំទ្រដល់វិស័យចិញ្ចឹមសត្វ ព្រោះវិស័យមួយនេះវាជួយឱ្យកសិករក្នុងស្រុករាប់ម៉ឺនគ្រួសារទទួលបានអត្ថប្រយោជន៍ ដោយសារនៅក្នុងវិស័យចិញ្ចឹមសត្វត្រូវការចំណីជាង១លានតោនក្នុងមួយឆ្នាំ”។

ទាក់ទងនិងវិស័យចិញ្ចឹមសត្វនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បើយោងតាមមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វធ្លាប់បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ផលិតកម្មសត្វសរុបមានអត្រាកំណើនមធម្យប្រចាំឆ្នាំកើនឡើង៥,៧%ក្នុងមួយឆ្នាំ ហើយក្នុងនោះផលិតកម្មសត្វលក្ខណៈគ្រួសារមានអត្រាកំណើនមធ្យមប្រចាំឆ្នាំកើនឡើង២,៨%ក្នុងមួយឆ្នាំ, ផលិតសត្វលក្ខណៈពាណិជ្ជកម្មមានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំកើនឡើង១១,២%ក្នុងមួយឆ្នាំ។

នៅឆ្នាំ២០២៤ ប្រៀបធៀបនឹងឆ្នាំ២០២៣ ផលិតកម្មសត្វសរុបមានអត្រាកំណើន៤,១% ក្នុងនោះផលិតកម្មសត្វលក្ខណៈគ្រួសារមានអត្រាកំណើន១,៧% និងផលិតកម្មសត្វលក្ខណៈពាណិជ្ជកម្មមានអត្រាកំណើន៧,៥%៕SL