មន្រ្តីជាន់ខ្ពស់ក្រសួងការងារ បានលើកឡើងថា ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋ នៅកម្ពុជា។នេះបើយោងតាមប្រសាសន៍របស់លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុន ប្រូហ្វេសិន ហ្គាម៉ិន ហ្វេកធើរី ឯ.ក ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃសៅរ៍។

នាឱកាសនោះ លោកថា ទំនុកចិត្តរបស់វិនិយោគទុននៅប្រទេសកម្ពុជា ក្នុងការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស ដោយអាចផ្ដល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ ដោយបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅកម្ពុជា។ ទន្ទឹមគ្នានេះ លោកថា ការចូលរួមរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានលើកកម្ពស់និងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគនៅក្នុងវិស័យនេះ ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោក ក៏បានសាទរទៅដល់កម្មករនិយោជិតទាំងអស់ដែលទទួលបានឱកាសការងារនៅក្នុងរោងចក្រថ្មីនេះ ខណៈលោកមើលឃើញថា សមិទ្ធផលថ្មីនៃក្រុមហ៊ុននេះនឹងបន្តឱ្យមានផលិតភាពការងារច្រើន និងពង្រីកនូវច្រវាក់ផលិតកម្មបន្ថែមទៀត ឱ្យកាន់តែប្រសើរឡើងនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នេះ។

បន្ថែមពីនេះ លោកថា ក្រសួងការងារនឹងបន្តពង្រឹងយន្តការក្នុងការបង្កានិងដោះស្រាយវិវាទការងារដែលអាចកើតមានឡើងសំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ ជំរុញឱ្យទៅជា “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា ក្រុមហ៊ុន ប្រូហ្វេសិន ហ្គាម៉ិន ហ្វេកធើរី ឯ.ក ដែលទើបសម្ពោធដាក់ដំណើរការនាពេលនេះ មានសកម្មភាពអាជីវកម្មកាត់ដេរសម្លៀកបំពាក់ ដូចជា អាវក្នុង ខោក្នុង សម្លៀកបំពាក់ហែលទឹក សម្លៀកបំពាក់យូហ្គា ដែលផលិតលើផលិតផលម៉ាក AEO, Legendswimwear ដែលនាំចេញទៅកាន់ទីផ្សារ អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។ រោងចក្រនេះ មានខ្សែច្រវ៉ាក់ផលិតកម្ម ផ្នែកធំៗចំនួន២ និងបែងចែកទៅតាមក្រុមចំនួន ៥ក្រុម ដែលមានកម្មករនិយោជិតសរុបប្រមាណ ៧២នាក់ នៅក្នុងជំហានដំបូងនៃការបើកថ្មីនេះ៕ អត្ថបទ៖ ហ្សាលីន


