ថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនយក្ស ជីប ម៉ុង លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ,លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង រួមទាំង លោកជំទាវ លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសែនព្រេនអុជធូបសុំពរសុំជ័យ សិរីសួស្តី ក៏ដូចជាបានឆ្លៀតដើរទស្សនកិច្ចនៅក្នុងផ្សារទំនើប ណូរ៉ូ លេន ដែលកំពុងតែមមារញឹកផ្លាស់ប្តូរឲ្យលេចចេញជារូបរៀងថ្មី និងកាន់តែទាក់ទាញ ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជន។ យ៉ាងយូរត្រឹមដើមខែមេសា ខាងមុខនេះ អតិថិជន ទាំងអស់នឹងបានឃើញនូវមុខមាត់ថ្មី ប្លែក រចនាបទនៃស្ថាបត្យកម្មសំណង់ស្នាដៃកូនខ្មែរ ដ៏ស្រស់ស្អាត រស់រវើកដ៏សម្បូរបែប នឹងបង្ហាញខ្លួននៅគ្រប់ជាន់ក្នុងទីតាំងផ្សារទំនើប ណូរ៉ូ លេន ។


លោកជំទាវ លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល បញ្ជាក់ថាមានហេតុផល ៣ចំណុចដ៏សំខាន់ ទើបផ្សារទំនើប ណូរ៉ូ លេន សម្រេចផ្លាស់ប្តូររូបរៀងថ្មី៖
ទី១. ការសម្រេចកែលម្អគម្រោងច្នៃប្រឌិតថ្មី លើផ្សារទំនើប ជីប ម៉ុង ណូរ៉ូលែន នេះ គឺដើម្បីឲ្យអតិថិជនទទួលបានបរិយាកាស ងាយស្រួល សម្បូរបែប ស្របតាមការនិយមរបស់មនុស្សជំនាន់ថ្មី ជាពិសេស យើងផ្ចិតផ្ចង់ខ្លាំងលើភាពច្នៃប្រឌិត មានកន្លែងអង្គុយលំហែកាយបែបបោះតង់នៅខាងក្នុងផ្សារទំនើបផ្ទាល់ ដែលអាចឲ្យយុវវ័យ អ្នកធ្វើការមកបំពេញការងារយ៉ាងងាយស្រួល ក៏ដូចជាជួបជុំគ្នាពេលល្ងាចចុងសប្តាហ៍ផងដែរ។
ទី២. ក្រុមហ៊ុន ជីប ម៉ុង មើលឃើញពីសក្តានុពលនៃវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេស ទីតាំងដែលនៅកណ្តាលបេះដូងនៃរាជធានីមួយនេះ ដែលហ៊ុំព័ទ្ធដោយតំបន់ទេសចរណ៍ល្បីៗ ចម្រុះសម័យកាល។ ក្នុងនាមជាក្រុមហ៊ុនធំបង្អស់នៅកម្ពុជា យើងរក្សាគោលជំហរក្នុងការពង្រឹងម៉ាកយីហោក្នុងស្រុក ដោយបន្តអភិវឌ្ឍខ្លួនលើបទពិសោធន៍ថ្មី វិនិយោគលើការកែប្រែតាមសម័យកាលថ្មី ដើម្បីធានាបាននូវសេវាកម្មប្រកបដោយស្តង់ដាខ្ពស់ ជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងស្រុក ឲ្យកាន់តែរីកចម្រើន និងទំនើបទ្វេដង។

ទី៣. ក្នុងដំណើររីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន ជីប ម៉ុង និងពាណិជ្ជកម្មទាំង ១៤ ឈរជើងរឹងមាំជាង ៤០ឆ្នាំ ជីប ម៉ុង នៅតែបន្តប្រកាន់យកឆន្ទៈមោះមុត ក្នុងការលើកតម្កើងគ្រប់សមិទ្ធផលដែលសាងឡើងដោយស្នាដៃកូនខ្មែរ វិនិយោគទៅលើរបត់បែបផែនថ្មី ដើម្បីជាឱកាសពង្រីកអាជីវកម្ម និងបម្រើគ្រប់តម្រូវការរបស់អតិថិជន។

សូមបញ្ជាក់ថា ផ្សារទំនើប ណូរ៉ូ លេន គឺជាផ្សារទំនើបពហុបំណង មាននូវភាពសម្បូរបែបគ្រប់ប្រភេទទំនិញ និងសេវាកម្មនៅកន្លែងតែមួយ ដោយមានទាំងហាងអាហារល្បីៗតម្លៃសមរម្យ ហាងសម្លៀកបំពាក់ចម្រុះប្រេនល្បីៗ សាលារៀន កន្លែងលេងកីឡា ជាពិសេសគឺមានមកជាមួយនឹងទីតាំងកម្សាន្តជាច្រើនប្រភេទ រចនាមកដោយគិតគូពីបរិយាកាសដ៏ស្រស់បំព្រង អាចឲ្យភ្ញៀវ ជាតិ និងអន្តរជាតិ ចូលមកកម្សាន្តទទួលបាននូវបទពិសោធន៍នៃការផ្សាភ្ជាប់គ្នារវាងផ្សារ និងសហគមន៍។ ផ្សារទំនើប ណូរ៉ូ លេន ជាផ្នែកមួយនៃក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ មានទីតាំងលើតំបន់ដ៏មានសក្តនុពល ចំកណ្តាលរាជធានីភ្នំពេញ ត្រង់តាមផ្លូវព្រះនរោត្តម (41) កែងផ្លូវ 360 & 370 ខណ្ឌបឹងកេងកង៕
























