នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបន្តចុះពិនិត្យមើលស្ថានភាពទូទៅ ទីតាំងរៀបចំប្រារព្ធពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារ មាត់បឹងតាកែវ ក្រុងដូនកែវ។

បើតាមរដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្រ្តីជំនាញ ត្រូវពន្លឿន នៃការរៀបចំទីតាំង សម្រាប់ប្រារព្ធពិធីបុណ្យទន្លេអោយបានឆាប់រហ័ស និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ស្អាត មានអនាម័យ និងមានសោភ័ណ្ឌភាពល្អស្អាត សាកសមជាមហាកិត្តិយស ដែលខេត្តតាកែវ មានភ័ព្វសំណាងបានធ្វើជា ម្ចាស់ផ្ទះ នៃការរៀបចំពិធីបុណ្យថ្នាក់ជាតិដ៏មានអត្ថន័យមួយនេះ។
ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តតាកែវ ក៏បានរៀបចំកីឡា ១០ប្រភេទ សម្រាប់ឱ្យមហាជន ចូលរួមលេងកម្សាន្ត រួមមាន៖ ១/ កីឡា ជិះកង់ ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, ២/ កីឡា រត់កម្សាន្តមហាជន ១២០០នាក់, ៣/ កីឡា អុកចត្រង្គ មហាជន, ៤/ កីឡា កម្សាន្ត រែក បាយខុម លោតម៉ឹក, ៥/ កីឡា បាល់ទះ មហាជន, ៦/ កីឡា ប៉ូល (បេតង់) មហាជន, ៧/ កីឡា ទូក កានូ កាយ៉ាក មហាជន, ៨/ ការបង្ហោះគោមរួមគ្នា ៥០០គោម, ៩/ កីឡា គុនខ្មែរ, ១០/ កីឡា សម្ដែង ប៉ារ៉ាប៉ូទ័រ។
សូមជម្រាបជូនដែរថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី០៩ នៅខេត្តតាកែវ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នឹងរៀបចំឡើងនៅថ្ងៃ ២១ ២២ និងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕





