លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាបំពេញបេសកកម្មជំរុញ និងទាក់ទាញវិនិយោគចិន។នេះបើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងសប្តាហ៍បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅជំរុញ និងទាក់ទាញវិនិយោគចិន(Investment Roadshow) នៅខេត្តហ៊ឺណាន និងទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិចិន ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
ជុំវិញការទាកទាញវិនិយោគចិននេះដែរ ក្នុងឱកាសស្វាគមន៍ដំណើរទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជារបស់ប្រតិភូចិន កាលពីដើមខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ ធ្លាប់បានលើកឡើងថា ការជំរុញ និងទាក់ទាញវិនិយោគ គឺជាមុខសញ្ញាវិនិយោគអាទិភាពរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
សូមជម្រាប់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានការស្នើសុំ និងអនុម័តគម្រោងជាផ្លូវការបានចំនួន ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦,៨ ប៊ីលានដុល្លារ ខណៈរាជរដ្ឋាភិបាល អះអាងថា នេះគឺជាឆ្នាំដែលមានការវិនិយោគច្រើនជាងគេមិនធ្លាប់មាននៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាថា នឹងបន្តផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់វិស័យឯកជន ដែលវិនិយោគលើការវិនិយោគផលិតផលគាំទ្រខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាដល់និរន្តរភាព និងកម្លាំងនៃការផលិតក្នុងស្រុកឱ្យកាន់តែសកម្ម មានតម្លៃទាប និងប្រសិទ្ធភាពខ្ពស់សម្រាប់បំពេញសេចក្តីត្រូវការក្នុងស្រុកផង និងនាំចេញផងដែរ៕ អត្ថបទ៖ហ្សាលីន

